រដ្ឋមន្ត្រី ក្រសួងអធិការកិច្ចប្រគេនទៀនព្រះវស្សា ដល់វត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ

ខេត្តព្រះវិហារ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាថ្ងៃទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។


គេនៅចាំបានថា វត្តកែវសិក្ខាគិរីស្វារៈនេះ បានរងការខូចខាតដោយការបាញ់ផ្លោងអាវុធគាំទ្រធុនធ្ងន់ជាច្រើនរយគ្រាប់ពីសំណាក់ទាហានសៀមឈ្លានពានកាលពីដើមខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ បណ្តាលឱ្យខូចខាតយ៉ាងទម្ងន់ ។ នៅក្នុងបរិវេណវត្ត ពេលនេះបើចង់ចូលទៅអុជធូបគោរពបូជារំលឹកដល់បារមីនៃកំពូលភ្នំប្រាសាទព្រះវិហារ គឺមិនមានអ្វីដែលមានសភាពស្រស់បស់នឹងស្អាតបាតដូចជាពេលមុននោះទេ គឺដោយសារតែដំបូលព្រះវិហារប្រក់មេឃជញ្ជាំងបាក់ធ្លុះធ្លាយ និងព្រះពុទ្ធបដិមាក៏ត្រូវបែកបាក់អស់មួយចំនួនធំទៅហើយដែរមើលឃើញគួរឱ្យអាណោចអាធមណាស់។
វត្តកែវសិក្ខាគីរីស្វារៈ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០ម៉ែត្រពីប្រាសាទព្រះវិហារដ៏ចំណាស់របស់ខ្មែរ។នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ សៀមសម្រេចលើកទ័ពមកឈ្លានពានខ្មែរ បន្ទាប់ពីអង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហារដ៏ចំណាស់របស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ និង មានការប៉ះទង្គិចគ្នាដោយអាវុធ ចំនួនបីលើក ហើយបានបណ្ដាលឲ្យមានការស្លាប់ និងរបួសទាំងសងខាង។


ទីតាំងវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទ ព្រះវិហារ គឺស្ថិតនៅលើទឹកដីកម្ពុជាដោយស្របច្បាប់លើកម្រងផែនទី១/២០០.០០០ដែលក្នុងនោះរួមទាំងផែនទី «ដងរែក» ដែលមានប្រាសាទព្រះវិហារ ហើយដែលតុលាការយុត្តិធម៌អន្តរជាតិហៅថា ផែនទីឧបសម្ព័ន្ធ១ទទួលស្គាល់។


បើតាមព្រះសង្ឃ នៅវត្តកែវសិក្ខាគិរីស្វារៈ បានមានថេរដីកាឱ្យដឹងថា ព្រះសង្ឃនិងសិស្សដែលកំពុងគង់នៅ និងរស់នៅក្នុងវត្តនេះ គឺត្រូវបានផ្គត់ផ្គង់លោក និងកូនសិស្សនៅក្នុងវត្តសព្វថ្ងៃ បានមកពីសប្បុរសជនប្រគេនពីទីជិតឆ្ងាយ និងពីកងទ័ពដែលកំពុងប្រចាំការនៅទីនោះ។


ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំបានបូជាទៀនធូបផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈហើយក៏សូមឧទ្ទិសគ្គផលកុសលផលបុណ្យជូនដល់ញាតកាដែលបានចែកឋានទៅកាន់បរលោកខាងមុខ៕


រូប៖ក្រសួង
អ៖ក្រសួង

ads banner