បេសកកម្មយាន Chang’e-4 របស់ប្រទេសចិន រកឃើញវត្ថុធាតុមួយចំនួន មានប្រភពពីក្រោមផ្ទៃព្រះចន្ទ
ចិន៖ យានរុករកចិន Yutu-2 បានរកឃើញវត្ថុធាតុមួយចំនួន ដែលមានប្រភពមកពីខាងក្រោមផ្ទៃរបស់ព្រះចន្ទ ហើយការរកឃើញនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តចិនសង្ឃឹមថា នឹងអាចជួយដល់ការ ទម្លាយអាថ៌កំបាំងនៅពីក្រោយដំណើរវិវត្តន៍របស់ព្រះចន្ទក៏ដូចជាភពផែនដី។ លទ្ធផលខាងលើនេះ គឺជារបកគំហើញផ្នែកវិទ្យាសាស្រ្តដ៏សំខាន់មួយដំបូងគេរបស់បេសកកម្ម Chang’e-4។
តាមរយៈការប្រើទិន្នន័យដែលទទួលបានពីឧបករណ៍បំពាក់នៅលើយាន Yutu-2 អ្នកស្រាវជ្រាវចិនមួយក្រុមបានរកឃើញថា ដីនៅលើឋានព្រះចន្ទនៅកន្លែងដែលយាន Chang’e-4 ចុះចត មានផ្ទុកនូវវត្ថុធាតុ Olivine និង Pyroxene ដែលមានប្រភពមកពីស្រទាប់ជ្រៅនៅផ្នែកខាងក្នុងរបស់ព្រះចន្ទ ក្នុងបរិមាណយ៉ាងច្រើន។
សូមរំលឹកផងដែរថា បន្ទាប់ពីយាន Chang’e-4 ដែលជាប្រភេទ Lander បានចុះចតនៅរណ្តៅ Von Karman នៅផ្ទៃម្ខាងទៀតរបស់ព្រះចន្ទ កាលពីថ្ងៃទី០៣ ខែមករាដើមឆ្នាំនេះ យាន Yutu-2 ប្រមូលបានទិន្នន័យល្អៗជាច្រើននៅទីតាំងចំនួនពីរ៕ធ.ដ