សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ ធានាបាននូវការផ្គត់ផ្គង់ទាំងគុណភាពនិងបរិមាណ ទទួលបានការគាំទ្រជាច្រើនពីក្រសួង កាត់បន្ថយថ្លៃដើមផលិត មានហានិភ័យទាបពីកត្តាទីផ្សារនិងកត្តាអាកាសធាតុ និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានផលចំនេញ និងសេដ្ឋកិច្ចមាត្រដ្ឋាន។
ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា នេះជាសមិទ្ធផលថ្មី នៃការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត។
ការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្ដ្រីធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ និងបានសង្កត់ធ្ងន់ថា នេះជាឆន្ទៈមួយដ៏ធំជួយដល់វិស័យកសិកម្មកម្ពុជា ស្តែងចេញជាការកសាងទំនុកចិត្តជាមួយគ្នា បង្កើនល្បឿននៃការអនុវត្តន៍ គិតគូរបែបបុរេសកម្ម ដើម្បីសម្រេចនូវលទ្ធផលល្អឱ្យទទួលបានជោគជ័យទាំងអស់គ្នា និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕






ប្រភព ៖ ក្រសួងកសិកម្ម