ឥណ្ឌូណេស៊ីគ្រោងចំណាយកញ្ចប់ថវិកា២,១ពាន់លានដុល្លារ ដើម្បីប្តូររដ្ឋធានីចេញពី ទីក្រុងហ្សាកាតា
ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ចេញដំណឹងអំពីកញ្ចប់ថវិកាប្រមាណ៣០,៩ទ្រីលានរ៉ូពី ឬស្មើនឹង២,១ពាន់លានដុល្លារអាម៉េរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់ដំណើរការទាំងមូល ពាក់ព័ន្ធនឹងផែនការប្តូររដ្ឋធានីចេញពីទីក្រុងហ្សាកាតា ទៅរកកន្លែងថ្មីមួយទៀត ដោយនឹងមានការរួមសហការគ្នារវាងក្រុមរដ្ឋ និងឯកជន។
សូមរំលឹកថា កាលពីខែមេសាកន្លងទៅនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានប្រកាសអំពីផែនការផ្លាស់ប្តូររដ្ឋធានីថ្មី ពីទីក្រុងហ្សាកាតាបច្ចុប្បន្ន ដែលតែងតែកកស្ទះជាប្រចាំ ទៅកាន់ទីកន្លែងថ្មីមួយទៀត ដែលអាចស្ថិតនៅក្នុងខេត្ត Kalimantan ភាគខាងលិច ឬកណ្តាល ហើយវានឹងមានទំហំយ៉ាងហោចណាស់ ៤០,០០០ហិកតា។ ការបង្កើតរដ្ឋធានី ឬទីក្រុងរដ្ឋបាលថ្មីនេះ គឺជាបង្កើតរចនាសម្ព័ន្ធថ្មីដែលប្រកបដោយសក្តានុពល និងបរិស្ថានល្អប្រសើរជាងមុន ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ។
ដោយឡែក ទាក់ទិននឹងដំណឹងអំពីកញ្ចប់ថវិកាខាងលើនេះ រដ្ឋមន្ត្រីអភិវឌ្ឍន៍ផែន ការឥណ្ឌូណេស៊ីលោក Bambang Brodjonegoro បានថ្លែងថា ការប្តូរទីក្រុងនឹងត្រូវប្រើប្រាស់ថវិកាជាតិដើម្បីទ្រទ្រង់ទាំងស្រុង ហើយវានឹងត្រូវបញ្ចប់ក្នុងរយៈពេល០៥ឆ្នាំ ហើយថា រដ្ឋាភិបាលនឹងត្រូវចំណាយយ៉ាងហោចណាស់៤១៥លានដុល្លារក្នុងមួយឆ្នាំ ដើម្បីអនុវត្តន៍គម្រោងរយៈពេល០៥ឆ្នាំ៕ធ.ដ