មន្ត្រីធនាគារជាតិ អំពាវនាវឱ្យមានការជួយផ្សព្វផ្សាយ និងណែនាំពលរដ្ឋពីផលប៉ះពាល់ នៃកម្ចី

(កំពង់ស្ពឺ)៖ មន្ត្រីធនាគារជាតិ អំពាវនាវឱ្យមានការជួយផ្សព្វផ្សាយ និងណែនាំពលរដ្ឋពីផលប៉ះពាល់ នៃកម្ចី មុនសម្រេចចិត្តខ្ចី ត្រូវមានផែនការច្បាស់លាស់ និងមានទំនួលខុសត្រូវ ។

នេះជាការគូសបញ្ជាក់ពី លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីគណៈអភិបាលក្រុងឧដុង្គម៉ែជ័យ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាជិក-សមាជិកា នៃអង្គសិក្ខាសាលាជាច្រើនទៀត ។

លោក ឡាយ សុខហេង បានថ្លែងថា វិស័យធនាគារបាននឹងកំពុងរីកចម្រើន និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចផងដែរ ។ បន្ថែមពីនេះ ដើម្បីធានានូវភាពធន់និងវឌ្ឍនភាព ប្រព័ន្ធធនាគារនៅកម្ពុជា បានធ្វើទំនើបកម្មឥតឈប់ឈរជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ និងសកល ។ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់ ប្រកបដោយតម្លាភាព និងក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់។ ការណ៍នេះ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ឆ្ពោះទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានបង្កឱ្យមានហានិភ័យផងដែរ ដូចជា៖ ការឆបោកតាមប្រព័ន្ធអនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណ កម្ចីអនឡាញ កម្ចីក្រៅប្រព័ន្ធដែលមានការប្រាក់ខ្ពស់លើសលប់ ជាដើម ។

លោកបន្តថា សព្វថ្ងៃនេះ កម្ចីក្រៅប្រព័ន្ធបានកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និង ប្រាក់ពិន័យខុសគោលការណ៍។ ហើយទ្រព្យទាំងអស់ត្រូវបានរឹបអូសគ្មានសេសសល់ ដោយពុំឆ្លងកាត់ ការសម្រេចពីតុលាការជាដើម។ លោកសូមលើកទឹកចិត្ត និងអំពាវនាវដល់សិក្ខាកាមទាំងអស់ដែលចូលរួមវគ្គនេះ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត បែងចែកឱ្យដាច់ រវាងកម្ចីជាមួយស្ថាប័នស្របច្បាប់ និងកម្ចីជាស្ថាប័នក្រៅច្បាប់ ។

លោកអគ្គនាយក ក៏បានលើកឡើងដែរថា កម្ចីជាមួយស្ថាប័នស្របច្បាប់ គឺ ខ្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំងច្បាស់លាស់ មានអត្រាការប្រាក់សមរម្យ និងស្របតាមច្បាប់ គិតអត្រាជាភាគរយប្រចាំឆ្នាំ អតិថិជនទទួលបានការការពារត្រឹមត្រូវ។ កម្ចីជាលក្ខណៈបុគ្គល គឺការខ្ចីពីសាច់ញាតិ រឺមិត្តភក្តិ មិនមានលក្ខខណ្ឌតឹងរ៉ឹង ការប្រាប់ទាបខ្លាំង រឺគ្មានការប្រាក់ផង មិនមែនយកការឱ្យខ្ចីជារបរជាប្រចាំ កម្ចីបែបប្រពៃណីជួយគ្នាពេលគ្រាលំបាក។ ទោះបីជាមិនស្ថិតនៅក្រោមការពារពីច្បាប់ តែបំណុលទាំងនេះ គឺមិនសូវមានហានិភ័យនាំឱ្យបំណុលវ័ណ្ឌកនោះទេ ។

លោកបានបញ្ជាក់ថា កម្ចីក្រៅប្រព័ន្ធ កម្ចីខុសច្បាប់ កម្ចីពីអ្នកចង់ការប្រាក់ គឺជាការខ្ចីពីមិត្តភក្តី ឬអ្នកស្គាល់គ្នា ការកម្ចីតាមអនឡាញ ដូចជា Facebook, Telegram, TikTok ការរាប់លុយ ការខ្ចីលុយពីចិន ការខ្ចីលុយពីអង្គការ ដែលមានការប្រាក់ខ្ពស់ខ្លាំង គិតសេវាផ្សេងៗខុសគោលការណ៍ គិតការជាថ្ងៃឬខែ ទារលុយរាល់ថ្ងៃ គ្មានទីតាំងច្បាស់លាស់ ប្រកបជារបរឱ្យលុយគេខ្ចីជាប្រចាំ និងមិនមានការទទួលស្គាល់ រឺការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដែលនេះ គឺជាប្រាក់កម្ចី ដែលធ្វើឡើងដោយបុគ្គល ឬអង្គភាពដែលគ្មានអាជ្ញាប័ណ្ណ ដែលប្រតិបត្តិការនៅក្រៅក្របខ័ណ្ឌច្បាប់ ហើយគិតអត្រាការប្រាក់ហួសហេតុ ឬប្រើល្បិចបង្ខិតបង្ខំ ដើម្បីប្រមូលបំណុល ។ ការណ៍នេះសបញ្ជាក់ថា កម្ចីក្រៅផ្លូវការកំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន។ ដូច្នេះការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាពនិងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាត្តាលីករជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner