បារាំង និងអង់គ្លេសជំរុញគាបសង្កត់លោក ពូទីន ឲ្យយល់ព្រមបង្កើតបទឈប់បាញ់នៅអ៊ុយក្រែន
ឡុងដ៍ ៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងលោកប្រធានាធិបតីបារាំង Emmanuel Macron ចាប់ដៃអំពាវនាវឲ្យពិភពលោករួមកម្លាំងគ្នាបង្កើនសម្ពាធថែមទៀត តាមរយៈការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងមេដឹកនាំរុស្ស៊ី លោក ពូទីន ដើម្បីទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។
ការអំពាវនាវរបស់មេដឹកនាំបារាំង និងអង់គ្លេសនេះ កើតឡើងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ដោយយន្តហោះដ្រូនទ្រង់ទ្រាយធំដល់ទៅ ៧២៨គ្រឿង និងមីស៊ីលចំនួន១៣គ្រាប់ក្នុងពេលត្រឹមតែមួយយប់ ក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តេជ្ញាបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន និងក្រោយពីលោក ត្រាំ បានរិះគន់ចំៗខុសពីធម្មតា ចំពោះ លោក ពូទីន។ នេះជាការវាយប្រហារដោយយន្តហោះដ្រូនច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែននៅឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Starmer បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា យើងគួរតែមានការផ្លាស់ប្តូរ ដើម្បីសម្រេចឲ្យបានសន្តិភាព តាមរយៈការដាក់សម្ពាធបង្ខំឱ្យលោកប្រធានាធិបតី ពូទីន រត់រកតុចរចាបង្កើតបទឈប់បាញ់នៅអ៊ុយក្រែន។
រីឯលោកប្រធានាធិបតី Macron ដែលអំពាវនាវឱ្យសម្ព័ន្ធមិត្តបង្កើនសម្ពាធលើប្រទេសរុស្ស៊ី បានបន្ថែមថា យើងពិតជាត្រូវការអ្វីដែលថ្មី ដើម្បីគាបសង្កត់លោកប្រធានាធិបតី ពូទី ហើយអ្វីដែលយើងត្រូវការ នោះគឺជាអ្វីដែលអាចកែប្រែសម្ពាធលើសេដ្ឋកិច្ចរុស្ស៊ី។ លោកថា កញ្ចប់ទណ្ឌកម្មថ្មីនឹងក្លាយជាការផ្លាស់ប្តូរសង្គ្រាមនៅអ៊ុយក្រែន៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា