សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)

(ភ្នំពេញ)៖ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាថ្ងៃចូលព្រះវស្សាថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា និងសាច់ញាតិក្រុមគ្រួសារ អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងថ្នាក់ដឹកនាំ លោកជំទាវភរិយាថ្នាក់ដឹកនាំ ឥស្សរជន និងមន្ត្រីកាកបាទក្រហមកម្ពុជា បាននាំយកទៀនព្រះវស្សា ប្រេងវស្សា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យ ទៅវេរថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជាទៀនធូប និងថ្វាយគន្ធពិដោ ចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធ នៅលើមហាកុដិ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង និងបានធ្វើបទនមស្ការ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ សម្តេចព្រះសង្ឃ-ព្រះសង្ឃជាសាវ័គ និងសមាទានសីលតាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។

លំដាប់អំពីប្រារព្ធពិធីនានាតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួចមក, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាពុទ្ធបរិស័ទទាំងអស់ បានវេរទៀនព្រះវស្សា ប្រេងព្រះវស្សា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងគ្រឿងអដ្ឋបរិក្ខា ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក និងប្រគេនចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណ ប្រកបដោយសទ្ធាជ្រះថ្លាបបំផុត។ ក្នុងនោះទេយ្យទានសម្រាប់ប្រគេនវត្តមុនីសុវណ្ណរួមមាន៖ អង្ករ ៥តោន, មី ១០០កេសតូច, ត្រីខ ២០កេស, ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ទឹកក្រូច ៥០កេស,ទឹកសណ្តែក ៤០កេស, មៀនកំប៉ុង ៥កេស, ទឹកអ៊ិនសួរ ២កន្ត្រក, ទឹកត្រចៀកកាំ ២កន្ត្រក, កាហ្វេ ៥កេសនិង២កន្ត្រក, អូរវ៉ាន់ទីន ១០កេស, ទឹកដោះគោខាប់ ១០កេស, ស្ករស ៥០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកបរិសុទ្ធអារុណា ១០០កេស, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម និងបច្ច័យ ៤០លានរៀល និង ៣ម៉ឺនដុល្លារអាម៉េរិក។ ថ្វាយបច្ច័យសម្តេចសង្ឃ ១.០០០ដុល្លារ, ប្រគេនបច្ច័យព្រះសង្ឃគង់អម ៨អង្គ ក្នុងមួយអង្គៗ ៥០០ដុល្លារ, ឧបត្ថម្ភលោកអាចារ្យធំ១នាក់ ៤០ម៉ឺនរៀល, លោកអាចារ្យ ១១នាក់ ក្នុងម្នាក់ៗ ២០ម៉ឺនរៀល, លោកយាយជី-តាជី ៧០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល, ជូនអ្នកភ្លេង ១២នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល, ឧបត្ថម្ភកូនសិស្សព្រះសង្ឃ ១០០នាក់ ម្នាក់ៗ ថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានេះ បច្ច័យជាសទ្ធាជ្រះថ្លារបស់សម្តេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទដែលចូលរួមមានសរុប ២៨លានរៀល និង ២៦.៨១០ដុល្លារអាម៉េរិក។

កុសលផលបុណ្យដែលកើតឡើងពីសទ្ធាជ្រះថ្លា នៃការប្រគេនទៀនព្រះវស្សានាថ្ងៃនេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និងព្រះសង្ឃគ្រប់ព្រះអង្គក្នុងវត្តមុនីសុវណ្ណ សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វការីជន ក្នុងនោះមានវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការសាច់សារលោហិត ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់វរៈលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ម្យ៉ាងវិញទៀតកុសលផលបុណ្យក្នុងថ្ងៃនេះដែរ សម្តេចព្រះសង្ឃ-ព្រះសង្ឃគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងទេវតាទាំង ១ម៉ឺនលោកធាតុ និងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អនិងជន្មាយុយឺនយូរជាងរយឆ្នាំ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជាជាយូរអង្វែងតរៀងទៅ។

សូមជម្រាបជូនផងដែរថា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានសទ្ធាជ្រះថ្លាវេរប្រគេនទៀនព្រះវស្សា និងគ្រឿងអដ្ឋបរិក្ខារ ដល់វត្តចំនួន ២៦វត្តផ្សេងទៀត ដែលវត្តនីមួយៗទទួលបាន៖ ទៀនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១គូ, ទៀនមហាឧបាសិកា ប៊ុន ស៊ាងលី ១គូ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ៥កេស, ទឹកផ្លែឈើ ៥កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ១កេស, មី ១កេសធំ, ត្រីខ ១កេស, កាកាវ ១កេស, តែ ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ត្រីងៀត ១កន្ត្រក, សាច់ក្រក ១កន្ត្រក, អង្ករ ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត ១កាន= ៣០លីត្រ និងបច្ច័យ ១លានរៀល៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner