សម្តេចធិបតីហ៊ុន ម៉ាណែត ៖ ទីតាំងឧក្រិដ្ឋកម្មពីអតីតកាល នៃកម្ពុជា បានប្រែក្លាយទៅជាទីតាំងនៃការចងចាំ ការអប់រំ និងក្តីសង្ឃឹមដល់មនុស្សជំនាន់ក្រោយ រៀនសូត្រពីតម្លៃពិតនៃសន្តិភាព

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងវីដេអូជាភាសាអង់គ្លេស បានថ្លែងទៅកាន់អង្គប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកថា ៖ ទីតាំងឧក្រិដ្ឋកម្មទាំងបីរបស់កម្ពុជានោះ ជាសាក្សីនៃការបាត់បង់អាយុជីវិតរបស់ជនស្លូតត្រង់រាប់លាននាក់ ក្នុងព្រឹតិ្តការណ៍ដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងនៃលទ្ធផលដ៏អាក្រក់ ដែលបណ្តាលមកពីការស្អប់ខ្ពើម អំពើហិង្សា និងការប្រាសចាកសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។

ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាសដែលអង្គការយូណេស្កូ បានទទួលស្គាល់ និងបានដាក់បញ្ចូលបូជនីយដ្ឋានចងចាំចំនួន ៣ទីតាំងរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស នៃប្រទេសបារាំង ។

ទីតាំងទាំងនោះ រួមមាន ទី១.អតីតមន្ទីរឃុំឃាំង ម.១៣ ស្ថិតនៅព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ, ទី២. មន្ទីរឃុំឃាំង ស.២១ ដែលបច្ចុប្បន្ន ជាសារមន្ទីប្រល័យពូជសាសន៍ទួលស្លែង, និងទី៣ គឺវាលពិឃាដជើងឯក ស្ថិតនៅរាជធានីភ្នំពេញ ។ ទីតាំងទាំង៣នេះ បានមានឈ្មោះផ្លូវការថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលនៃការផ្សះផ្សារនៃសន្តិភាព ។

សារពិសេសរបស់សម្តេចធិបតី ក្នុងនាមរាជរដ្ឋភិបាល និងប្រជាជនកម្ពុជា តាមរយៈការផ្សាយវីដេអូពីចំងាយពីប្រទេសម្ពុជានេះ នៅចំពោះមុខប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សមាជិកនៃគណៈកម្មាធិការ និង តំណាងគណៈប្រតិភូនៃសមាជិកអង្គការយូណេស្កូប្រមាណជាង ១០០ប្រទេស បានចូលរួមអង្គប្រជុំ ដោយសម្តេចបានថ្លែងទៀតថា« កម្ពុជាទោះបីជាមានអតីតកាលដ៏ឈឺចាប់យ៉ាងនេះក្តី ក៏កម្ពុជាបានជ្រើសយកមាគ៌ានៃការផ្សះ ផ្សា និងសន្តិភាព ។

ទីតាំងឧក្រិដ្ឋកម្ម កាលពីអតីតកាលទាំងនេះ ត្រូវបានប្រែក្លាយទៅជាទីតាំងនៃការចងចាំ ការអប់រំ និងក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ រៀនសូត្រអំពីតម្លៃពិតនៃសន្តិភាព និងការគោរពអាយុជីវិតមនុស្សក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ កម្ពុជាបច្ចុប្បន្ន កំពុងងើបឈរ ក្នុងនាមជាប្រជាជាតិមួយ ពោពេញដោយសន្តិភាព និងវិបុលភាព ដោយមានយុវជនជំនាន់ក្រោយរបស់យើង បាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការរក្សាសេចក្តីថ្លៃថ្នូ និងការផ្សះផ្សា ។»

សម្តេចធិបតី បានចាត់ទុកការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជានេះ បានបង្ហាញនូវសារដែលមានតម្លៃជាសកលថា «ទោះបីជាកម្ពុជាធ្លាប់ឆ្លងកាត់នូវសោកនាដកម្មដ៏អាក្រក់យ៉ាងណាក៏ដោយ ក៏ប្រជាជាតិមួយនេះ នៅតែអាចងើបឈរឡើងវិញ ។ ហើយការងើបឈរនេះ មិនមែនដោយការបំភ្លេចអំពីអតីតកាល ប៉ុន្តែដោយការចងចាំ និងការប្រែក្លាយការចងចាំទាំងនោះ ទៅជាកម្លាំងចលករដើម្បីសន្តិភាព តាមរយៈគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាគំរូមួយចំពោះពិភពលោកក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនខ្មែរ ក្រោមពាក្យស្លោក«អគុណសន្តិភាព» ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឯកសារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner