ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំ​ពិធីទូងស្គរ​អបអរសាទរនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីព្រឹកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមប្រារព្ធពិធីទូងស្គរអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចជាឯកច្ឆន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។

ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅគ្រប់រាជធានី-ខេត្ត ក៏បានប្រារព្ធពិធីអបអរសាទរនេះផងដែរ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។

ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។

មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ “ខ្មែរតែមួយ” ក្រោមម្លប់សុខសន្តិភាពដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner