ពិធីបុណ្យផ្កាយជាកម្មវិធីវប្បធម៌របស់ជប៉ុនមាប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រួមសហការជាមួយស្ថានទូតជប៉ុនប្រចាំ ប្រទេសកម្ពុជា និងមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ រៀបចំនូវព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ (ពិធីបុណ្យតាណាបាតា) ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែកក្កដា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ពិធីបុណ្យនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។ ដោយនៅថ្ងៃបើកកម្មវិធីមានវត្តមានចូលរួមពីតំណាងស្ថានទូតជប៉ុន និងតំណាងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងកម្មវិធីនេះផងដែរ ក៏មានសម្តែងនូវសិល្បៈបែបបុរាណ និងសម័យ របស់ប្រទេសទាំងពីរផងដែរ។
ក្រៅពីកម្មវិធីនេះ ក៏មានកម្មវិធីជាច្រើនទៀតផងដែរ ដោយរាប់ចាប់ពីសិក្ខាសាលាវប្បធម៌នានា ការសម្តែងរបស់សិល្បករជប៉ុន និងកម្ពុជា។ អ្នកចូលរួមក៏នឹងទទួលយកនូវបទពិសោធន៍នៃទំនៀមទម្លាប់ប្រពៃណីជប៉ុននៅក្នុងពិធីបុណ្យនេះផងដែរ ដូចជាការសរសេរបំណងប្រាថ្នាលើចម្រៀកក្រដាសពណ៌ ហើយចងព្យួរនឹងមែកឫស្សី ឬស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន និងធ្វើម្ហូបជប៉ុនជាដើម។ ដូច្នេះសូមអញ្ជើញប្រជាជនដែលកំពុងរស់នៅប្រទេសកម្ពុជាទាំងអស់ ចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ និងដោយសេរី ជាពិសេសប្អូនៗយុវវ័យ។
លោក Masuda Chikahiro ប្រធានទីប្រឹក្សានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានបញ្ជាក់ប្រាប់អប្សរាថា កម្មវិធីនេះ ជាព្រឹតិ្តការណ៍ដ៏ពិសេសដែលប្រជាជនកម្ពុជា និងជប៉ុន អាចប្រារព្ធកម្មវិធីប្រពៃណី និងវប្បធម៌រួមគ្នា។ ពិធីបុណ្យនេះ មិនគ្រាន់តែជាកម្មវិធីកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែវាជាស្ពានសម្រាប់តភ្ជាប់ប្រទេសទាំងពីរ។
គួររំលឹកផងដែរថា ពិធីបុណ្យតាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន ដើម្បីរំឭកដល់ដំណើររឿងរបស់គូស្នេហ៍នៅលើឋានសួគ៌មួយគូ គឺនារី តម្បាញ (អូរិហ៊ីមិ) និងបុរសគង្វាលគោ (ហ៊ីកុបុស៊ិ) ដែលតាមតំណាលរឿង គូស្នេហ៍មួយគូនេះ ត្រូវបានបំបែក ដោយទន្លេអាម៉ាណុហ្គាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ ដូច្នេះនៅក្នុងថ្ងៃនោះ ប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួនលើចម្រៀកក្រដាស ហើយចងព្យួរទៅនឹងមែកឫស្សីដើម្បី បួងសួងឱ្យបានសម្រេចតាមអ្វីដែលខ្លួនប៉ងប្រាថ្នា។ យើងសូមស្វាគមន៍ប្រជាជនមកពីទូទាំងប្រទេសកម្ពុជា ចូល រួមប្រារព្ធពិធីនេះជាមួយគ្នា៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា




