លោកជំទាវ ជា សិរី អំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបម្រើពលរដ្ឋឱ្យអស់ពីចិត្ត
(កំពង់ធំ)៖ មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបម្រើពលរដ្ឋឱ្យអស់ពីចិត្ត និងលើកទឹកចិត្តដល់យុវជនបក្ស ដែលជាអ្នកបន្តវេណ ឱ្យចូលរួមគ្រប់សកម្មភាពសង្គម ។
លោកជំទាវ ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ។
តាងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ លោកជំទាវ សូមកោតសរសើរចំពោះសមាជិក-សមាជិកាគណបក្សអស់នៃខេត្តកំពង់ធំ ជាពិសេស សមាជិកឃុំជ្រាប់ ដែលបានបំពេញភារកិច្ច ចូលរួមចំណែកបម្រើគណបក្ស និងប្រទេសជាតិ និងបន្តស្មារតីសាមគ្គី លះបង់ និងប្រឹងប្រែងជា ប្រពៃណីនេះ ដែលជាកត្តាគន្លឹះធ្វើឱ្យគណបក្សយើង ទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ទៀតជូនជាតិមាតុភូមិ ក្រោមម្លប់សុខសន្តិភាព ដែលថ្នាក់ដឹកនាំរបស់ គណបក្សយើងរកបានមកដោយលំបាក ដោយយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាព សេរីភាព និងអាយុជីវិតរបស់ប្រជាជន។
ថ្លែងទាក់ទងការប្រើប្រាស់ប្រាក់កម្ចីលោកជំទាវ បានលើកឡើងថា គប្បីប្រើប្រាស់លើស្ថាប័នមីក្រូ ឬធនាគារដែលមានច្បាប់ត្រឹមត្រូវ និងមានការគ្រប់គ្រងពីធនាគារជាតិនៃកម្ពជា ។ តែទោះជាយ៉ាងនេះក៏ដោយ លោកជំទាវ បានបញ្ជាក់ថា បើមិនចាំបាច់ មិនត្រូវខ្ចីទេ ដើម្បីចៀសវាងជាប់បំណុលវ័ន្តករនៅថ្ងៃក្រោយ ។
លោកជំទាវ ជា សិរី បន្តថា ចាប់តាំងពីថ្ងៃបានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នា រំដោះប្រជាជាតិឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ក្នុងរយៈពេលជាង ៤៦ឆ្នាំនៃការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត គណបក្សប្រជាជនកម្ពុជាបានដឹកនាំ ប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ដោយមិនរត់ចោលប្រជាជន រួមសុខរួមទុក្ខ យកប្រជាជនជាធំ ទើបសម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនរាប់មិនអស់ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត














