ន័រវេសចាយ ២,៦ ពាន់លានដុល្លារទិញឧទ្ធម្ភាគចក្រប្រយុទ្ធពីអាមេរិក

វ៉ាស៊ីនតោន ៖ ន័រវេសដែលជារដ្ឋសមាជិកអង្គការណាតូ មានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី បានជះលុយដល់ទៅ ២.៦ ពាន់លានដុល្លារ ទិញឧទ្ធម្ភាគចក្រសង្គ្រោះប្រយុទ្ធធុន HH-60W ចំនួន ៩គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតពីដៃគូអាមេរិក។

ប្រភពបានឲ្យដឹងថា ន័រវេសនឹងប្រើប្រាស់ឧទ្ធម្ភាគចក្រទាំងនេះ ដើម្បីការពារសមាជិកណាតូផ្សេងទៀត រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន ពីការគំរាមកំហែង ឬការវាយប្រហារណាមួយពីសត្រូវ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក ហៅកាត់ថា (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់ឧទ្ធម្ភាគចក្រនេះ នឹងជួយន័រវេសលើកម្ពស់សមត្ថភាពយោធាថែមមួយកម្រិតទៀត ក្នុងករណីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ពិសេសការបង្កើនសមត្ថភាពប្រយុទ្ធតាមអាកាស និងប្រតិបត្តិការពិសេសរបស់ន័រវេស។ ទន្ទឹមគ្នា ក្រសួងការបរទេសអាមេរិកក៏បានអនុម័តលើការលក់ឧទ្ធម្ភាគចក្រទាំងនេះរួចរាល់ហើយ ខណៈដែលទីភ្នាក់ងារ DSCA កាលពីថ្ងៃសុក្របានផ្តល់ការជូនដំណឹងនេះ និងរង់ចាំតែការចុះហត្ថលេខាពីសភាអាមេរិកប៉ុណ្ណោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner