ថ្នាក់ដឹកនាំ មន្ត្រីនគរបាលរាជធានីភ្នំពេញ ប្រគេនទានវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល
(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីក្រោមឱវាទ បាននាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា ។
ពិធីបុណ្យចូលព្រះវស្សានេះ ប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល ៣ខែ រាប់ពីថ្ងៃ ១រោចខែអាសាធ ដល់ ថ្ងៃ១៥កើត ខែ កត្តិក ។ ក្នុងរយៈពេល ៣ខែនេះ នៅគ្រប់ព្រះវិហារទាំងឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឱ្យឆេះជានិច្ច។ តែបច្ចុប្បន្ននេះ ដោយសាក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះ ពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ៣ខែ ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូល នៅថ្ងៃ១រោច ខែស្រាព ហើយត្រូវគិតវស្សាឱ្យគ្រប់ ៣ខែដូចព្រះសង្ឃដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ១រោច ខែកត្តិក ៕
ដោយ៖ វណ្ណលុក
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ













