ព្យុះធូលីដែលបង្កការស្លាប់មុនអាយុបានប៉ះពាល់មនុស្សជាង ៣០០លាននាក់

អ.ស.ប ៖ ព្យុះខ្សាច់ និងធូលី ដែលបង្កឲ្យមានការស្លាប់មុនអាយុ កើតឡើងពីការប្រែប្រួលអាកាសធាតុ បានប៉ះពាល់មនុស្សជាង ៣៣០លាននាក់ក្នុង ១៥០ប្រទេស នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការឧតុនិយមពិភពលោកនៃអង្គការសហប្រជាជាតិ ហៅកាត់ថា (WMO)។

របាយការណ៍នេះត្រូវបានបង្ហាញកាលពីថ្ងៃសៅរ៍ នៅពេលមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធនឹងព្យុះខ្សាច់ និងធូលីឆ្នាំ ២០២៥-២០៣៤។

ប្រធានមហាសន្និបាត លោក Philemon Yang និយាយថា ព្យុះធូលីកំពុងក្លាយជាបញ្ហាប្រឈមសកលមួយ ដែលត្រូវបានគេមើលរំលងបំផុត។ វិបត្តិនេះត្រូវបានជំរុញដោយសារការប្រែប្រួលអាកាសធាតុ ការសឹករិចរិលដី និងការបំផ្លិចបំផ្លាញបង្កឡើងពីមនុស្ស។

អតីតនាយករដ្ឋមន្ត្រីកាមេរូនវ័យ ៧៨ឆ្នាំរូបនេះបន្ថែមថា ភាគល្អិតក្នុងខ្យល់កើតចេញពីព្យុះខ្សាច់ និងធូលី រួមចំណែកដល់ការស្លាប់មុនអាយុចំនួន ៧លាននាក់ជារៀងរាល់ឆ្នាំ។

លើសពីនេះ វាក៏បង្កឲ្យមានជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង ព្រមទាំងកាត់បន្ថយទិន្នផលដំណាំរហូតដល់ ២៥% ដែលបង្កឱ្យមានភាពអត់ឃ្លាន និងការធ្វើចំណាកស្រុកជាដើម។

លោកស្រី Laura Paterson តំណាងអង្គការសហប្រជាជាតិរបស់អង្គការ WMO បានប្រាប់មហាសន្និបាតយូអិនថា ធូលីប្រហែល ២ពាន់លានតោនត្រូវបានបញ្ចេញជារៀងរាល់ឆ្នាំ ស្មើនឹងទំហំប្រាសាទពីរ៉ាមីតចំនួន ៣០០ប្រាសាទនៅក្នុងប្រទេសអេហ្ស៊ីប។

លោកស្រីថា ជាង ៨០% នៃធូលីរបស់ពិភពលោកបានមកពីវាលខ្សាច់នៅអាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា ប៉ុន្តែវាអាចជះឥទ្ធិពលជាសកល ដោយសារតែភាគល្អិតរបស់វា អាចធ្វើដំណើរបានរាប់រយពាន់គីឡូម៉ែត្រឆ្លងកាត់ទ្វីប និងមហាសមុទ្រ។

ជាមួយគ្នានេះ WMO និងអង្គការសុខភាពពិភពលោកក៏បានព្រមានផងដែរថា បន្ទុកផ្នែកសុខាភិបាលកំពុងកើនឡើងយ៉ាងខ្លាំង ដោយមនុស្សប្រហែល ៣.៨ពាន់លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបទូទាំងពិភពលោក បានប៉ះពាល់នឹងកម្រិតធូលីលើសពីកម្រិតសុវត្ថិភាពរបស់ WHO នៅចន្លោះឆ្នាំ២០១៨ និង២០២២ កើនឡើងពី ២.៩ពាន់លាននាក់ ដែលរងផលប៉ះពាល់រវាងឆ្នាំ២០០៣ និង២០០៧៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner