សហគមន៍ព្រៃហ៊ុកំពង់ធំ ស្វាគមន៍ភ្ញៀវមកពីប្រាំមួយប្រទេស ដែលមកសិក្សាអំពីផលអនុផលព្រៃឈើ

កំពង់ធំ​៖សហគមន៍ព្រៃឈើព្រៃហ៊ុ ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីចុង​សប្ដាហ៍​កន្លងទៅនេះបានស្វាគមន៍ភ្ញៀវមកពី៦ប្រទេស រួមមាន ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម ឡាវ និងកម្ពុជា ក្នុងទស្សនកិច្ចសិក្សាអំពីផលអនុផលព្រៃឈើ និងផលិតផលកែច្នៃក្នុងសហគមន៍

លោក ស៊ឹម ប៊ុនធឿន នាយកអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍​ការចិញ្ចឹមជីវិតនៅកម្ពុជា (NTFP-EP Cambodia) បានសម្របសម្រួលនិងនាំប្រតិភូមកពី៦ប្រទេស ទៅទស្សនកិច្ចសិក្សាអំពីផលអនុផលព្រៃឈើ និងផលិតផលកែច្នៃនៅ​សហគមន៍ព្រៃឈើព្រៃហ៊ុ ខេត្តកំពង់ធំ។ក្នុងកម្មវិធីនេះមានការ​ចូល​រួមពីគណៈកម្មការ​គ្រប់គ្រងសហគមន៍ចំនួន១០នាក់ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ​ចំនួន​៥ខេត្ត និងអាជ្ញាធរឃុំ។

បើតាមការលើកឡើងរបស់លោក សេង សារ៉ន ប្រធានសហគមន៍ព្រៃឈើព្រៃហ៊ុ សកម្មភាពរបស់សហគមន៍​ជាចម្បងមាន ការកែច្នៃល្ពៅ និងផ្អាវ ដែលជាចំណូលសម្រាប់សមាជិកប្រចាំថ្ងៃ។សហគមន៍ក៏​បានដាំដើមឈើ​ឡើងវិញលើផ្ទៃដី១០ហិកតា ដោយដាំកូនឈើចំនួន២១ ០០០ដើម រួមមាន ក្រញូង បេង ច្រេស អង្កាញ់ និងឬស្សី។ សហគមន៍បានទទួលការគាំទ្របច្ចេកទេសដែលសម្របសម្រួលដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ។

សហគមន៍ព្រៃឈើព្រៃហ៊ុ បានបង្កើតឡើងក្នុងឆ្នាំ២០០៦ មានផ្ទៃដីសរុប៤០៨ហិកតា មានគណៈកម្មការគ្រប់​គ្រងចំនួន៩នាក់ (ស្រី១នាក់) និងសមាជិកសរុប ២ ០៦៩នាក់ (ស្រី៩៨៦នាក់)មកពីភូមិសង្គម និងភូមិដំរីស្លាប់។
សហគមន៍មានក្រុមសកម្មជាច្រើនដូចជា ក្រុមឥណទាន ក្រុមថែទាំព្រៃឈើ និងក្រុមដាំដំណាំកសិរុក្ខកម្ម។
ដោយឡែកនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចព្រម​ព្រៀងអាណត្តិទី២ ជាមួយ​សហគមន៍៕
ដោយ៖ ប៊ុន រដ្ឋា

ads banner