ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការផ្ដោតលើការវិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជាយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរណ៍ លើកកម្ពស់ជីវភាពសហគមន៍

(កំពត)៖ ការផ្ដោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលសហគមន៍មិនមាន​លទ្ធ​ភាព​​ធ្វើ​ដោយខ្លួនឯង ដូច្នេះ នេះគឺជាយុទ្ធសាស្ត្រដែលរដ្ឋវិនិយោគក្នុងការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ឲ្យទៅសហគមន៍ ដើម្បីឲ្យសហគមន៍មានជីវិតដោយខ្លួនឯង គឺធ្វើ​យ៉ាងណាឱ្យសហគមន៍មានការងារធ្វើ មានប្រាក់ចំណូល ។

នេះជាប្រសាសន៍លើក​ឡើង​​របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពត ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាស្តីពីលទ្ធផល ​នៃ​ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍និងនេសាទ ជីវភាពរស់នៅ​របស់សហគមន៍ត្រពាំងសង្កែ ដោយ​មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តកំពត កែប និងព្រះសីហនុ រួមនឹងពលរដ្ឋ​សហគមន៍ត្រពាំងសង្កែ នាថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួង​រៀបចំ​ដែនដី បានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែជាសហគមន៍​គំរូ​ក្នុងការ​រៀប​ចំក្រុង ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភណ្ឌភាព និងស្របតាមយុទ្ធសាស្ត្ររបស់​គណ​កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈាន​ទៅរៀប​ចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើក​ស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។ ជាលទ្ធផល​ក្រោយ​ការចាប់ផ្តើមរៀបចំនេះ សហគមន៍ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទាញភ្ញៀវ​ទេសចរមកកំសាន្តប្រមាណមួយពាន់នាក់ក្នុងមួយសប្តាហ៍ ដែលបានជួយលើក​ស្ទួយ​ជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ផ្តើមចេញពីគំរោងដំបូង​តូច​មួយ​នៅទីនេះ យើងបានកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និង​នេ​សាទ សម្រាប់សហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ក្នុងនោះបានកសាងផ្លូវបេតុង, ចំណតរថយន្ត និងបន្ទប់ទឹក ដោយបច្ចុប្បន្ន យើង​ឃើញថាគម្រោងនេះបាន​ដំណើរ​ការយ៉ាងល្អ និងអាចក្លាយជាគំរូមួយសម្រាប់សហគមន៍ដទៃទៀត ។ ដោយ​ទទួល​បានជោគជ័យ លើគម្រោងសម្រាប់សហគមន៍នេសាទត្រពាំង​សង្កែនេះហើយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តស្នើសុំកិច្ចសហការពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ដើម្បីរៀបចំគម្រោងកសាងហេដ្ឋា​រចនា​សម្ព័ន្ធគាំទ្រសម្រាប់សហគមន៍ដទៃជាច្រើនទៀតក្នុងខេត្តនេះផងដែរ ។

ផ្ដើមចេញពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ស្នើសុំ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកែប្រែគម្រោងLASED ដោយកាលពីមុនគម្រោង​នេះ​សំដៅត្រឹមតែចែកដីដល់ប្រជាពលរដ្ឋខ្មែរដែលមិនមានដីប៉ុណ្ណោះ ប៉ុន្តែពេលនេះ ឯកឧត្តមស្នើសុំឲ្យមានការកែប្រែមួយផ្នែកនៃគម្រោងLASEDនេះ មកវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ, ចំណតរថយន្ត, បន្ទប់ទឹកនៅតាមបណ្ដាសហគមន៍ និង​ទីស្នាក់ការសហគមន៍ មានន័យថា យើងមិនមែនផ្ដោតត្រឹមតែ​ការចែកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងផ្ដោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលសហគមន៍មិនមាន​លទ្ធ​ភាព​ធ្វើដោយខ្លួនឯង ដូច្នេះ នេះគឺជាយុទ្ធសាស្ត្រដែលរដ្ឋវិនិយោគឲ្យទៅសហគមន៍ ដើម្បីឲ្យសហគមន៍មានជីវិតដោយខ្លួនឯង គឺធ្វើយ៉ាងណាឱ្យសហគមន៍​មានការងារ​ធ្វើមានប្រាក់ចំណូល ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា អ្វីដែលយើងខិតខំប្រឹង​ប្រែង​ធ្វើ​ទាំង​អស់នេះ គឺដើម្បីឲ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុង​សហគមន៍​មានភាព​រីក​ចម្រើន​, ហើយបំណុលឯកជនរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នីមួយៗ ក៏ត្រូវបាន​ធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បាន​គូស​បញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រែក្លាយ​គម្រោ​ងបែងចែកដីសម្បទានសង្គមកិច្ច មកជាគម្រោងសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner