អាមេរិកបញ្ជូនយន្តហោះយោធាទៅប៉ាណាម៉ា

បរទេស ៖ យន្តហោះយោធាអាមេរិក ត្រូវបានបញ្ជូន ទៅប្រទេសប៉ាណាម៉ា ដើម្បីធ្វើសមយុទ្ធ ការពារព្រែកជីក ប៉ាណាម៉ា ជាផ្លូវទឹកពាណិជ្ជកម្ម ដែលត្រូវធ្លាប់បានជួយសាងសង់ដោយសហរដ្ឋអាមេរិក។

យន្តហោះយោធាអាមេរិក និងមន្ត្រីយោធា បានទៅដល់មូលដ្ឋាន ទ័ពអាកាស Teniente Octavio Rodriguez Garrido កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើសមយុទ្ធរួមគ្នា ជាមួយប៉ូលិស ប៉ាណាម៉ា។

លោក Michael Palacios ស្នងការរងនៃសេវាកម្មអាកាសចរណ៍ជាតិ របស់ប៉ាណាម៉ា ដែលត្រូវបានគេស្គាល់ថា «SENAN» បាននិយាយថា សមយុទ្ធនេះ ធ្វើឡើងប្រឆាំងនឹងការគំរាមកំហែងណាមួយ ចំពោះសន្តិសុខ និងការពារព្រែកជីក។

ថ្មីៗ នេះ មានអនុស្សរណៈ អនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស និងកងទ័ពជើងទឹកប៉ាណាម៉ា សម្រាប់ “ការហ្វឹកហ្វឺន” សម្រាប់រយៈពេល៣ឆ្នាំ ដែលអាចពង្រីកបាន។

ការណ៍នេះ បានកើតមានឡើង ចំពេលដែលលោក Trump ប្រធានាធិបតីអាមេរិក គំរាមកំហែងគ្រប់គ្រងឡើងវិញ យកលេសថា មានប្រទេសផ្សេងមកដាក់ឥទ្ធិពល លើផ្លូវទឹកដ៏សំខាន់សម្រាប់អន្តរជាតិ មួយនេះ។

អនុស្សរណៈនេះ បានធ្វើឱ្យមានការតវ៉ា នៅក្នុងប្រទេស នៃតំបន់អាមេរិកកណ្តាល មួយនេះ។ វត្តមានយោធា របស់សហរដ្ឋអាមេរិក គឺជាបញ្ហាដ៏រសើបមួយ នៅក្នុងប្រទេសប៉ាណាម៉ា ព្រោះបានរម្លឹកពីពេលវេលា ដែលប្រទេសនេះមានតំបន់ព័ទ្ធជុំវិញ ជាមួយនឹងមូលដ្ឋានយោធា មុនពេលប្រគល់ព្រែកជីក ទៅឱ្យប៉ាណាម៉ា នៅឆ្នាំ១៩៩៩៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner