មន្ត្រីពាណិជ្ជកម្មជំរុញម្ចាស់សហគ្រាស សិប្បកម្មទាំងអស់ក្នុងខេត្តតាកែវបង្កើន​ផលិតផលមានគុណភាព ខណៈកំពុង​មានឱកាស

តាកែវ៖ លោក ឈាវ ផា អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេសនៃ​ក្រសួង​ពាណិជ្ជកម្ម​បានជំរុញ​និងលើកទឹកចិត្តដល់​បណ្ដាសហគ្រាស សិប្បកម្មធុន​តូចនិងមធ្យមទាំង​អស់នៅក្នុងខេត្តតាកែវឱ្យពង្រឹងសមត្ថភាព និងបង្កើនការផលិត​ផលិតផល​ដែល​មានគុណភាពឱ្យបានកាន់តែច្រើនថែមទៀត​ ខណៈទីផ្សារបច្ចុប្បន្នកំពុងមាន​តម្រូវការកើនឡើង​។

លោក ឈាវ ផា បានថ្លែងក្នុងឱកាសដូច្នេះក្នុងឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលា​ស្ដីពីផលិតភាព និងពាណិជ្ជ​កម្មតាម​រយៈការបង្កើតតំណភ្ជាប់ឆ្ពោះទៅកាន់ប្រភព​ផលិតកម្ម និងអ្នកប្រើប្រាស់ ដែលបានរៀបចំឡើងកាលពីចុងសប្ដាហ៍​កន្លង​ទៅនេះនៅ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ។

លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេសបានបន្តថា ដោយសារតែការបិទព្រំដែន និងឈប់នាំចូលទំនិញពី​ប្រទេស​ថៃបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់ផលិត​ផលក្នុងស្រុកវិញជាហេតុនាំឱ្យតម្រូវការទំនិញនៅក្នុងស្រុកមានការកើនឡើង ។លោកបន្ថែមថា ដូច្នេះវាជាឱកាសមួយដល់បងប្អូន ផលិតករក្នុងស្រុកទាំងអស់ ត្រូវបង្កើនការផលិត កែច្នៃផលិតផលរបស់ខ្លួនបន្ថែមទៀត ក្នុងនោះក៏គិតពីគុណភាព ស្តង់ដានិងបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានា​បាន​នៅគុណភាព សុវត្ថិភាព និងអនាម័យដល់អ្នកប្រើប្រាស់។

មានវត្តមានក្នុងឱកាសនេះដែរលោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ​បានថ្លែងថា សិក្ខាសាលានាពេលនេះ​ពិតជាមានសារៈសំខាន់ដល់​គ្រប់តួ​អង្គ​ពាក់ព័ន្ធក្នុងវិស័យកែច្នៃផលិតផល ផ្សេង ៗ ដើម្បីស្វែងយល់ និងទទួលបាន​ចំណេះដឹងនិងជំនាញថ្មីៗបន្ថែមទៀត និងឈានដល់ការផលិតឱ្យត្រូវនឹងតម្រូវ​ការអ្នកប្រើប្រាស់ក្នុងខេត្ត និងអាច​ឈានដល់ការនាំចេញទៅក្រៅប្រទេសផងដែរ៕
ដោយ៖សាំង សារ៉ាវី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner