រដ្ឋបាលខេត្តស្ទឹងត្រែងអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃ កម្ពុជា ពីទីតាំង ឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្រ្តីនៃក្រុមប្រឹក្សា ខេត្ត អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនរយនាក់ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានមកជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីទូងស្គរអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល ផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
មុននឹងចាប់ផ្តើមពិធីទូងស្គរមន្រ្តីនិងមហាជនចូលរួមបានស្មិងស្មាធិ៍ គោរពវិញ្ញាណ ក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដល់ជនរួមជាតិក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំងមាន៣ទីតាំង គឺ ១-អតីតមន្ទីរឃុំឃាំង ម.១៣ ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ,២-សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតនៅរាជធានីភ្នំពេញ និង ៣-មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅរាជធានីភ្នំពេញ៕
ដោយ៖ ឡុង សំបូរ






