រដ្ឋបាលខេត្តកំពង់ចាម ទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព»ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក
កំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ទូងស្គរ អបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ។
ក្នុងសារលិខិតអបអររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី ខេត្ត គ្រប់មន្ទីរជំនាញរាជធានី ខេត្ត គ្រប់ក្រុង ស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ ដើម្បីជា ការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបាន គង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។
សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំងមាន៣ទីតាំង គឺ ១-អតីតមន្ទីរឃុំឃាំង ម.១៣ ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ,២-សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតនៅរាជធានីភ្នំពេញ និង ៣-មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅរាជធានីភ្នំពេញ៕
ដោយ៖លី ពៅ

