គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រជុំពិនិត្យ និងសម្រេចលើសំណើសុំដាក់សេចក្តីស្នើច្បាប់ ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំ ព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដែលមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៍ នៃព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៣-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការដ្ឋាន សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៤-ផ្សេងៗ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជុំវិញ លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង៩:៣០នាទីព្រឹក ដើម្បី បើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា ដោយមានរបៀបវារៈតែមួយ គឺ ពិនិត្យ ហើយឱ្យយោបល់ លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner