ទូទាំងខេត្តបន្ទាយមានជ័យ វាយគង អបអរសាទរការចុះ”បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក

បន្ទាយមានជ័យ៖ កាលពីម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្រ្តីរាជការនៃមន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បាន​វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃ​ការចុះ​បញ្ជី”​បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការចុះ “បូជនីយដ្ឋាន​ចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា​មណ្ឌល​ផ្សះផ្សានិងសន្តិភាព” ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍ ជើងឯក ទៅក្នុងបញ្ជី​​បេតិក​ភណ្ឌ​ពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែង​ឆ្ងាយ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពីឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាព​បញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃ​អង្គការ​យូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់​ឆ្នាំតទៅមុខ។

តាមរយៈអនុសាសន៍​ដ៏ខ្ពង់ខ្ពស់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អ្នកជំនាញជាតិ អន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារ​បច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញា​ឆ្នាំ១៩៧២ ព្រមទាំងទទួលបាននូវការទទួលស្គាល់អំពីតម្លៃ​លេចធ្លោជាសកល​របស់ទីតាំងទាំងបី ពីសំណាក់អ្នកជំនាញការអន្តរជាតិ (ICOMOS) ដោយរួម​ទាំងការវាយតម្លៃនិង​ការផ្តល់យោបល់គាំទ្រដល់ការដាក់បញ្ចូលជាបេតិកភណ្ឌ ពិភពលោកនូវទីតាំងទាំងបីនេះផងដែរ។

សម្ដេចធិបតីបន្តថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានក្លាយជាកាល​បរិច្ឆេទនៃការចងចាំនិងដ៏​មានសារៈសំខាន់​មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភព​លោក បានសម្រេចជាឯកច្ឆន្ទចុះ”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិង​សន្តិភាព”​ទៅក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាម​សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល​ផ្សះផ្សា និងសន្តិភាព» ដែលបាន​ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំងមាន៣ទីតាំង គឺ ១-អតីតមន្ទីរឃុំឃាំង ម.១៣ ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ,២-សារមន្ទីរឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ទួលស្លែង ស្ថិតនៅរាជធានីភ្នំពេញ និង ៣-មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅរាជធានីភ្នំពេញ៕
ដោយ៖ឃិន គន្ធា

ads banner