សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា

(កំពង់ឆ្នាំង)៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា សម្ដេចបានបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងនោះមានច្បាប់ កាតព្វកិច្ចយោធាឆ្នាំ ២០០៦ ដែលត្រូវធ្វើរួចរាល់ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខ, ការធ្វើវិសោធនកម្មនេះ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញ ពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រាន់។ ទីពីរការធ្វើវិសោធនកម្មច្បាប់សោធន របស់យោធា ។

សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។

សម្តេចធិបតី បានថ្លែងថា នាពេលថ្មីៗនេះ ទើបមានការប្រជុំចង្អៀតមួយ ក្នុងការធ្វើកំណែទម្រង់កងទ័ព។ សម្តេច ថា ការធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព ត្រូវតែធ្វើជាប់ជាប្រចាំ ហើយការធ្វើទំនើបកម្មកងទ័ព ត្រូវធ្វើទំនើបកម្មចំនួន៣ រួមមាន ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់។

សម្តេចធិបតី បានបន្ថែមថា ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនឡើងវិញ ដើម្បីពង្រឹងវិស័យការពារជាតិ។ សម្រាប់សម្តេច, ការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដី។

សម្តេចធិបតី បានបន្តថា សម្តេចក៏ទើបណែនាំឱ្យ​ធ្វើវិសោធនកម្មច្បាប់​សោធននិវត្តន៍ ដើម្បីបង្កើនអាយុទាហានចូលនិវត្តន៍ និងការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ។

សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ច និងច្បាប់សោធន៍របស់យោធា នឹងធ្វើឱ្យចំនួនកងទ័ពកម្ពុជា កើនឡើងកាន់តែច្រើនសម្រាប់កិច្ចការពារជាតិ និងកាត់បន្ថយការចំណាយនៅលើវិស័យកងទ័ព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner