សម្ដេចនាយករដ្ឋមន្ត្រី ៖ កងរាជអាវុធហត្ថ មាន​តួនាទីយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាខឿនការពារជាតិ និងសន្តិសុខជាតិ

(កំពង់ឆ្នាំង)៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា សហការជាមួយក្រសួង ស្ថាប័ននានា ពង្រឹងការអនុវត្តច្បាប់ និង ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយ​នៃកង​យោធ​ពលខេមរភូមិន្ទ ដែលត្រូវបានធ្វើការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលនូវ​ជំនាញ​វិជ្ជាជីវៈកងរាជអាវុធហត្ថ និង ជំនាញយោធា។ ដូច្នេះ កងរាជអាវុធហត្ថ មាន​តួនាទីយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ជាខឿនការពារជាតិ និងខឿនសន្តិសុខជាតិ ។

សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។

សម្តេចធិបតី បានលើកឡើងថា ផ្អែកតាមរបាយការណ៍សង្ខេបរបស់​ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេម​រភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពការងារ ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធាន​សម្ភារ ថវិកា ប្រកាន់ខ្ជាប់ខ្ជួននូវការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ និង វិជ្ជាជីវៈ ។

សម្តេចធិបតី បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាពរាជធានី ខេត្ត នាយកសាលា នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ទទួលខុសត្រូវខ្ពស់​ក្នុងការអនុវត្តតួនាទីភារកិច្ច របស់ខ្លួន។

សម្តេចធិបតី បានថ្លែងទៀតថា កងរាជអាវុធហត្ថ បានសហការជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្ដូរផ្ដាច់រក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ-អន្ដរជាតិ កិច្ចប្រជុំតូច-ធំ ពិធីបុណ្យផ្សេងៗ, ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើស, ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ និង ជួយសង្គ្រោះគ្រោះមហន្តរាយនានា ស្របនឹងកម្មវិធីនយោបាយ, គោលនយោបាយ, យុទ្ធសាស្ត្រ និង វិធានការនានា របស់រាជរដ្ឋាភិបាល ជាពិសេសបេសកកម្មរបស់កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ។

សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថ នឹងបន្តប្រតិបត្តិនូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ និង បន្តធ្វើការកែទម្រង់ និងទំនើបកម្ម ដើម្បីបង្កើតបាននូវសមិទ្ធផលស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹង និង ការពង្រីកគុណភាពសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍ ជូនសង្គមជាតិ និងមាតុភូមិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner