ក្រសួងមហាផ្ទៃប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដា នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស

ភ្នំពេញ៖ អំណឹះតទៅនាពេលខាងមុខយើងនឹងបានឃើញបង្គន់អនាម័យស្តង់ដា​នៅតាមសាលាឃុំ សង្កាត់ដែល​មានគំរូប្លង់តែមួយ ដែលប្រកបដោយបរិយាបន្នផង និងសោភ័ណភាពផង។នេះបើយោងតាមលិខិតផ្លូវការរបស់​ឯកឧត្តមអភិសន្តិបណ្ឌិត​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជម្រាបមកអភិបាលនៃគណៈអភិបាល​រាជធានី ខេត្តកាលពីពេលថ្មីៗនេះ។

ក្នុងលិខិតបានបញ្ជាក់ថា ក្រសួងមហាផ្ទៃដោយសហការជាមួយអង្គការក្លែនអន្តរជាតិ​កម្ពុជា បានសិក្សា និងគូរប្លង់ បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅតាម​សាលាឃុំ សង្កាត់ ក្នុងគោលបំណង ដើម្បីលើកកម្ពស់អនាម័យ​បរិស្ថាន និង​សោភណភាព​នៅតាមមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមាន​ពិការភាព​ដែលមកស្នើសុំនិងទទួលសេវារដ្ឋបាល នៅសាលាឃុំ សង្កាត់ និងសម្រាប់បម្រើដល់សមាជិកក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បានសមរម្យ ប្រកបដោយអនាម័យ និងផាសុកភាព។

លិខិតដែលចុះហត្ថលេខាដោយឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានណែនាំថា​ដើម្បីឱ្យមានការឯកភាពគ្នាលើការ​ប្រើប្រាស់ប្លង់​បង្គន់អនាម័យស្ដង់ដាប្រកបដោយ​បរិយាបន្ននេះទូទាំងប្រទេស ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យ​រដ្ឋបាល​រាជធានី ខេត្ត អនុវត្តនូវកិច្ចការមួយចំនួនមានជាអាទិ៍៖

១-ផ្សព្វផ្សាយដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប្លង់បង្គន់ អនាម័យស្តង់ដា​ប្រកបដោយបរិយាបន្ន ដូចមានភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ។

២-ករណីរដ្ឋបាលឃុំ សង្កាត់មានផែនការ ឬតម្រូវការចាំបាច់ក្នុងការសាងសង់បង្គន់​នៅតាមសាលាឃុំ សង្កាត់ ត្រូវចាត់ចែងអនុវត្តឱ្យបានត្រឹមត្រូវតាមប្លង់បង្គន់អនាម័យ​ស្តង់ដាប្រកបដោយបរិយាបន្ននេះ។

៣-បង្កលក្ខណៈដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការកៀរគរការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល សប្បុរសជន និងពីប្រភពស្របច្បាប់ផ្សេងៗទៀត ដើម្បីចូល​រួមសាងសង់។

៤-ក្នុងពេលដំណើរការសាងសង់ រដ្ឋបាលរាជធានី ខេត្ត អាចស្នើមកអគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង មហាផ្ទៃ ដើម្បីស្នើសុំការគាំទ្រពិនិត្យផ្នែកបច្ចេកទេស និងរចនាបថ​ឱ្យបានត្រឹមត្រូវស្របតាមគំរូប្លង់ជាធរមាន៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner