ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ចាត់ទុក សម្ដេចតេជោ ជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រុំ និងផ្សារភ្ជាប់ទំនាក់ទំនង កម្ពុជា-កូរ៉េ ទាំងបច្ចុប្បន្ន និងអនាគត
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានចាត់ទុកសម្ដេចតេជោ ជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រុំ និងផ្សារភ្ជាប់ទំនាក់ទំនង កម្ពុជា-កូរ៉េ ទាំងបច្ចុប្បន្ន និងអនាគត ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលចប់អាណត្តិបេសកកម្ម នៅកម្ពុជា ក្នុងឱកាសចូលជួបសំដែងការគួរសម និងជម្រាបលា ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានអរគុណ និងសម្ដែងក្ដីនឹករលឹកជូន បន្ទាប់ពីឯកឧត្តម Park Jong-Wook បំពេញបេសកកម្មការងារបានយ៉ាងល្អ រួមចំណែកពង្រីកទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។ សម្ដេចតេជោ ក៏បានបង្ហាញការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងប្រទេសទាំងពីរ ។
ជាការឆ្លើយតប ឯកឧត្តម Park Jong-Wook ក៏បានអរគុណជាពន្លឹកដែលសម្ដេចតេជោ អនុញ្ញាតផ្ដល់ពេលវេលាឱ្យឯកឧត្ដម ចូលជួប និងជម្រាបលា នាពេលនេះ ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយ:ពេលបំពេញបេសកកម្មការងារនៅកម្ពុជា តាំងពីឆ្នាំ២០២៣មក ឯកឧត្តម បានចូលរួមចំណែកធ្វើកិច្ចការជាច្រើន ដែលនាំឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរ ជាពិសេស ដំណើរទស្សកិច្ចរបស់សម្ដេចធិបតី នៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤កន្លងទៅ ។
ឯកឧត្តម បានបន្ដថា ក្នុងអាណត្ដិរបស់ ឯកឧត្តម បានខិតខំលើកស្ទួយនូវកិច្ចសហប្រតិបត្ដិការ តាមរយ:ការជួយទៅដល់វិស័យផ្សេងៗ ជាពិសេស តាមបណ្ដាក្រសួងមួយចំនួននៅកម្ពុជា និងកម្ចីសម្បទានមួយចំនួន ដែលជួយមកកម្ពុជា ក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ បន្ថែមពីនេះ ឯកឧត្តម Park Jong-Wook សង្ឃឹមថា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េខាងត្បូង នឹងបើកការដ្ឋានក្នុងពេលឆាប់ៗ ពោលអាចនៅដើមឆ្នាំ២០២៦ ខាងមុខនេះ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ដចំពោះបេសកកម្មការងារ កន្លងមករបស់ឯកឧត្តម Park Jong-Wook នៅកម្ពុជា ក្នុងការរួមចំណែកយ៉ាងសំខាន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការប្រទេសទាំងពីរឱ្យកាន់តែល្អឡើង ។
សម្ដេចតេជោ បន្ថែមថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង ចាប់ផ្ដើមមានកិច្ចព្រមព្រៀង និងទំនាក់ទំនងឡើងវិញ នៅឆ្នាំ១៩៩៦ ហើយឆ្នាំ១៩៩៧ គឺជាឆ្នាំដែលប្រទេសទាំងពីរ ចាប់ផ្ដើមទំនាក់ទំនងពេញលេញឡើងវិញជាផ្លូវការ ព្រោះទំនាក់ទំនងនេះ បានកើតឡើងវិញ ដោយមានតួអង្គសំខាន់ គឺសម្ដេចតេជោ ផ្ទាល់តែម្ដង ដូច្នេះ ទំនាក់ទំនងនេះ គឺបានបង្ហាញពីភាពរីកចម្រើនជាវិជ្ជមាន តាំងពីឆ្នាំ២៩៩៧ មកដល់បច្ចុប្បន្ន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យជាច្រើនទៀត ។
បន្ថែមពីនេះ សម្ដេចតេជោ បានរំព្ញកថា ក្នុងពេលកន្លងមក ដែលពិភពលោក ក៏ដូចជា កម្ពុជា ជួបនូវវិបិត្ដកូវីត១៩ ខណ:ដែលមានការបិទជើងហោះដើរមកកម្ពុជា អំឡុងពេលកូវីត១៩ តែកាលនោះ កូរ៉េខាងត្បូង មិនបានបិទជើងហោះហើររបស់ខ្លួនមកកម្ពុជានោះទេ ដែលនេះ គឺស្ថិតក្នុងការចងចាំរបស់សម្ដេចតេជោជានិច្ច ។
ឯកឧត្តម Park Jong-Wook សង្ឃឹមថា ទំនាក់ទំនងប្រទេសទាំងពីរ នឹងរីកចម្រើនល្អឡើង ជាលំដាប់ និងបានចាត់ទុកសម្ដេចតេជោ ជាតួអង្គដ៏សំខាន់ក្នុងការពួនជ្រុំ និងផ្សារភ្ជាប់ទំនាក់ទំនង ទាំងបច្ចុប្បន្ន និងអនាគត ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ