នគរបាលខណ្ឌឫស្សីកែវ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងទិសដៅការងារ អនុវត្តន៍បន្ត
(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងទិសដៅការងារអនុវត្តន៍បន្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ និងផ្សព្វផ្សាយ អនុវត្តគោលការណ៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ លោក-លោកស្រី អធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍ ។
លោក និងលោកស្រីស្នងការរង បានណែនាំពីបទបញ្ជារបស់ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវគោលការណ៍ ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រួមមាន៖ បង្កើនការការអនុវត្តបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជាពិសេស ពង្រឹងកាត់បន្ថយភាពអសកម្មរបស់មន្រ្តីនគរបាលចរាចរណ៍នៅលើដងផ្លូវ បង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។
មន្ត្រីនគរបាលខណ្ឌទាំងអស់ ត្រូវបង្កើនពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាព ចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយត្រូវបំពេញភារកិច្ច ដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់ ។ ណែនាំបង្កើនអនុវត្តតាមវិធានការជំនាញ ស្រាវជ្រាវ បង្ការទប់ស្កាត់និងបទល្មើសព្រហ្មទណ្ឌ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ដូចជា បទល្មើសឆក់តាមផ្លូវសាធារណៈ និងបទល្មើសគាស់ផ្ទះយកទ្រព្យសម្បត្តិ និងបន្តយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តយកចិត្តទុកដាក់គ្រប់គ្រង តាមដានព័ត៌មាន លើការងារសន្តិសុខផងដែរ ៕






ដោយ ៖ វណ្ណលុក