រុស្ស៊ីអះអាងថា ខ្លួនអាចនឹងធ្វើការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អ៊ុយក្រែន
រុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ីអាចនឹងចាត់វិធានការឆ្លើយតប ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់ប្រទេសអ៊ុយក្រែនលើទំនិញរបស់ទីក្រុងម៉ូស្គូ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡំាង លោក ឌីមីតទ្រី ផេស្គូវ នៅក្នុងថ្ងៃពុធ សប្តាហ៍នេះ។
ការកត់សម្គាល់ដូច្នេះរបស់អ្នកនាំពាក្យវិមានក្រឹមឡំាងរូបនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលទីក្រុងគៀវ នៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចអនុម័តលើការហាមឃាត់ការនាំចូលស៊ីម៉ង់ត៍ និងក្តារបន្ទះរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀត ក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចអ៊ុយក្រែន បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលទីក្រុងគៀវ ក៏បានសម្រេចអនុម័តការដាក់កំហិតកាតព្វកិច្ចពិសេសលើទំនិញទាំងអស់ ដែលមានប្រភពចេញពីរុស្ស៊ីផងដែរ ចាប់ពីថ្ងៃទី០១ ខែសីហាខាងមុខនេះ លើកលែងតែធ្យូងថ្ម ភេសជ្ជៈកូកាកូឡា ប្រេងសាំង ឧស្ម័ន ប្រេង និងឱសថ៕ម.ន