ការផ្ដល់កម្លាំងចិត្ត និងសាមគ្គីភាពជាកត្តាចំបងនៃភាពជោគជ័យ
ឧត្តរមានជ័យ៖ ប្រតិភូចម្រុះមួយក្រុមដែលមានសមាសភាពជាមន្រ្តីរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្ មហាជនមកពីរាជធានី ខេត្តមួយចំនួនបានចុះអញ្ជើញសាកសួរសុខទុក្ខ កងកម្លាំងជួរមុខនៅទិសប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។តាមរយៈសកម្មភាពនេះបានបង្ហាញថា ការផ្ដល់កម្លាំងចិត្ត និងសាមគ្គីភាពជាកត្តាចំបងនៃភាពជោគជ័យ ។

ក្នុងដំណើរសាកសួរសុខទុក្ខកងកម្លាំងជួរមុខនៅទិសប្រាសាទតាមាន់ធំនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក ស្រេង ផល អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងនេះជាបង្ហាញអំពីការគាំទ្ររវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ។អ្នកនៅខាងក្រោយមិនភ្លេចការលះបង់សាច់ស្រស់ឈាមស្រស់របស់កងកម្លាំងការពារបូរណភាពទឹកដី។ ការផ្ដល់កម្លាំងចិត្ត និងសាមគ្គីភាពនេះ គឺជាកត្តាចំបងនៃភាពជោគជ័យ។

ចំណែកលោក អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដែលបានចូលរួមក្នុងដំណើរសាកសួរសុខទុក្ខនេះដែរ បានបញ្ជាក់អំពីការកោតសរសើរ និងដឹងគុណជានិច្ចចំពោះវិរកងទ័ពជួរមុខ។

ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ត្រី ប៉ុល ថេង មេបញ្ជាការរងកងពលតូចថ្មើរជើង លេខ៤២ ទិសប្រាសាទតាមាន់ធំ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ក្នុងការផ្ដល់កម្លាំងចិត្តយ៉ាងមុតមាំ។សកម្មភាពចូលរួមនេះធ្វើឱ្យកងកម្លាំងនៅជួរមុខ ទោះជាតម្លៃណាក៏ប្តេជ្ញាការពារបូរណភាពទឹកដីនិងរក្សាសុខសន្តិភាពឱ្យបានដាច់ខាត។

សូមជម្រាបថា អំណោយដែលបានយកទៅផ្តល់ជូនមាន គ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ និងឱសថគិតជាប្រាក់ចំនួន ១៦.០០០ដុល្លារនិងថវិកា៨០០ដុល្លារអាមេរិក ៕
ដោយ៖ គៀន ច័ន្ទហ៊ីន
