ក្រុមហ៊ុន Lockheed Martin ផ្ដល់យន្តហោះ F-35 ចំនួន ៧២ គ្រឿងឲ្យអាមេរិក

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Lockheed Martin បានចែកចាយយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៧២គ្រឿងដល់រដ្ឋាភិបាលអាមេរិក គិតត្រឹមថ្ងៃទី១ ខែឧសភា បន្ទាប់ពីការពន្យារពេលអស់ជាច្រើនខែ ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងកម្មវិធីសូហ្វែ នេះបើតាមសារព័ត៌មាន Bloomberg ដកស្រង់ប្រភពពីការិយាល័យកម្មវិធីនៃមន្ទីរបញ្ចកោណ។

ផ្អែកតាមការចេញផ្សាយរបស់កាសែតរ៉យទ័រនៅថ្ងៃទី១៥ ខែកក្កដា, ការធ្វើបច្ចុប្បន្នភាពនេះ គឺផ្តោតសំខាន់លើបច្ចេកវិទ្យា Technology Refresh 3 ហៅកាត់ (TR-3) ដែលមានគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវសូហ្វែរប្រយុទ្ធបំបាំងកាយ និងការកែលម្អផ្នែក Hardware រួមទាំងការធ្វើទំនើបកម្មអេក្រង់ និងថាមពលដំណើរការកាន់តែប្រសើរ។

ការពន្យារពេលនេះ នាំឱ្យមន្ទីរបញ្ចកោណផាកពិន័យជាប្រាក់ ៥លានដុល្លារក្នុងយន្តហោះមួយគ្រឿងចាប់តាំងពីឆ្នាំមុន។ ប៉ុន្តែការផាកពិន័យនេះ បានធ្លាក់ចុះមកនៅត្រឹម ១.២លានដុល្លារក្នុងយន្តហោះមួយគ្រឿងវិញកាលពីខែមករាដើមឆ្នាំនេះ ជាថ្នូរក្រុមហ៊ុនម៉ៅការការពារជាតិធ្វើបច្ចុប្បន្នភាពកម្មវិធីមួយចំនួនរបស់យន្តហោះចម្បាំងបំបាំងកាយ F-35។

ការិយាល័យកម្មវិធីនៃមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់កាសែតរ៉យទ័រនោះទេ ខណៈដែលក្រុមហ៊ុន Lockheed Martin ក៏បានបដិសេធមិនធ្វើការឆ្លើយតប ទាក់ទិននឹងបញ្ហានេះផងដែរ នៅមុនពេលប្រាក់ចំណូលត្រីមាសទីពីររបស់ខ្លួននឹងត្រូវបង្ហាញក្នុងសប្តាហ៍ក្រោយ។

កម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ F-35 មានសារៈសំខាន់ខ្លាំងណាស់ចំពោះក្រុមហ៊ុន Lockheed Martin ពីព្រោះវាបានរួមចំណែកប្រហែល ៣០% នៃប្រាក់ចំណូលសរុបរបស់ខ្លួន។ យ៉ាងណា ក្រុមហ៊ុនម៉ៅការការពារជាតិដ៏ធំបំផុតរបស់ពិភពលោកមួយ ត្រូវបានអ្នកវិភាគរំពឹងថា យន្តហោះ F-35 របស់ខ្លួន នឹងរងផលប៉ះពាល់ពីសង្គ្រាមពន្ធដែលបង្កើតឡើងដោយរដ្ឋបាលលោកប្រធានាធិតី Donald Trump នៅក្នុងច្បាប់ថវិកាសារពើពន្ធឆ្នាំ២០២៦។

គួរកត់សម្គាល់ F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយល្អដាច់គេនៅលើពិភពលោក ផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាមានកៅអីសម្រាប់ពីឡុតតែម្នាក់គត់ និងជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាស និងទៅលើដី។

F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០លានដុល្លារទៅតាមប្រភេទយន្ដហោះចម្បាំងនេះ ដែលមានសរុបចំនួនបីប្រភទគឺ៖ ទី ១ ប្រភេទ F-35A ជាប្រភេទយន្ដហោះចម្បាំងអាចហោះឡើង និងចុះចតធម្មតា, ទី ២ ប្រភេទ F-35B អាចហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ និងទី ៣ ប្រភេទ F-35C ជាប្រភេទយន្ដហោះចម្បាំងសម្រាប់ដាក់ឲ្យដំណើរការលើនាវាផ្ទុកយន្ដហោះចម្បាំង៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner