រដ្ឋសភាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំ ក្រុមអ្នកនយោបាយ (អាយប៉ា/AIPA)លើកទី១៦ (The 16th AIPA Caucus Meeting) ជាផ្លូវការ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមអ្នកនយោបាយ (អាយប៉ា/AIPA)លើកទី១៦ (The 16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃអង្គារទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។
កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ AIPA ដែលសមាជិកអាយប៉ា ត្រូវប្រជុំពិភាក្សាគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលបានអនុម័តដោយមហាសន្និបាតអាយប៉ា កាលពីឆ្នាំកន្លងទៅ។
សភាកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» (Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍នានាសរុបប្រមាណជិត ៣០០នាក់។
នៅក្នុងពិធីបើកកិច្ចប្រជុំ ក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ សម្តេចរដ្ឋសភាធិបតី បានកត់សម្គាល់ថា វត្តមានតំណាងរាស្រ្តក្នុងតំបន់អាស៊ាន ប្រទេសសង្កេតការណ៍ និងគណៈប្រតិភូដែលជាដៃគូអភិវឌ្ឍន៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងគួរឱ្យកត់សម្គាល់សម្រាប់គ្រួសារ អាយប៉ា។
ការជួបជុំនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យនិងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបើកទូលាយ និងបរិយាប័ន្ន ពហុភាគីនិយមដែល មិនត្រឹមតែដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាត AIPA ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដើម្បីផ្លាស់ប្តូរទស្សនៈលើប្រធានបទ “សន្តិភាពតាមរយៈការសន្ទនា ៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា”ជាមួយនឹងការសង្កត់ធ្ងន់លើតួនាទីនៃការទូតសភាដើម្បីសន្តិភាព និងវិបុលភាព”។
សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមាំថា ការគិតរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពិតជាមានសារៈ សំខាន់ ក្នុងការផ្តល់នូវដំណោះស្រាយ និងការកសាងប្រព័ន្ធអន្តរជាតិ ដែលកាន់តែមានលក្ខណៈបរិយាបន្ន ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះ ប្រទេសកំពុងអភិវឌ្ឍ ប្រទេសលោកខាងត្បូង (Global South) ដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការរៀបចំនូវទម្រង់ បង្កើតនូវបទដ្ឋាន និងពង្រឹងនូវអភិបាលកិច្ចសកល។
តំបន់អាស៊ាន និងពិភពលោក បាននិងកំពុងប្រឈមមុខនឹងបញ្ហា និងរងសម្ពាធយ៉ាង ច្រើនរាប់មិនអស់ រួមទាំងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយម ព្រមទាំងសញ្ញានៃការបែកខ្ញែកសេដ្ឋកិច្ច វិវាទនានាទាក់ទងនឹងអធិបតេយ្យ និងជម្លោះប្រដាប់អាវុធ រួមផ្សំនឹងការគំរាមកំហែងសន្តិសុខមិនប្រពៃណី ដូចជា ការប្រែប្រួលអាកាសធាតុ ការរេចរឹលបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រ ស្មាញ វិសមភាពកាន់តែរីកធំឡើង សន្តិសុខសុខភាពសកល ភាពរអាក់រអួលនៃបច្ចេកវិទ្យា និងវិបត្តិមនុស្សធម៌ ជាដើម។
សូមជម្រាបថា ការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស “គោលនយោបាយឈ្នះ-ឈ្នះ” ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ។ គោលនយោបាយនេះ ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុងជាច្រើនទសវត្សរ៍ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែ ១គ្រាប់ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងចូលរួមក្នុងភាពជាដៃគូក្នុងតំបន់ និងអន្តរតំបន់ ប្រកបដោយទំនុកចិត្ត៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ






