រដ្ឋលេខាធិការក្រសួងអប់រំ៖ ក្រសួងនឹងបង្កើតសមាគមកីឡាសកលវិទ្យាល័យ នាពេលខាងមុខ ដើម្បីបំផុសឱ្យមានសកម្មភាពផុសផុលឡើងវិញ
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបង្ហើបនៅក្នុងកិច្ចគណៈកម្មាការបច្ចេកទេសការប្រកួតកីឡាសិស្សបឋមសិក្សា កាលពីពេលថ្មីៗនេះថា ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងធ្វើការចងក្រងបង្កើតជាសមាគមកីឡានិស្សិតសកលវិទ្យាល័យមួយនៅពេលខាងមុខនេះ ដើម្បីឲ្យកីឡាមានសកម្មភាពតាមសកលវិទ្យាល័យមានសភាពផុសផុលឡើងវិញ ខណៈដែលមួយរយៈកាលកន្លងមកនេះ ការប្រកួតធំៗដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា ស្ទើរតែមិនមានសកលវិទ្យាល័យចូលរួម។ ការថ្លែងបែបនេះធ្វើឡើង ក្នុងឱកាសបិទកីឡាបឋមសិក្សានាពេលកន្លងទៅ ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការបង្កើតសមាគមនេះ ក្រសួងមានគោលបំណងឲ្យសកលវិទ្យាល័យទាំងអស់ចូលជាសមាជិក ដើម្បីបង្កើតជាព្រឹត្តិការណ៍ប្រកួតជារៀងរាល់ឆ្នាំ និងឲ្យមានការចូលរួមផុសផុលកាន់តែច្រើន ព្រោះថាបើមិនប្រមូលផ្តុំនោះទេ សកលវិទ្យាល័យនីមួយៗដើរបែកចេញពីគ្នា គ្មានការចូលរួម ហើយធនធានកីឡាក្នុងសកលវិទ្យាល័យក៏គ្មានដែរ។ ឯកឧត្តម ស សុខា បញ្ជាក់ទៀតថា គម្រោងប្រមូលផ្តុំចងក្រងបង្កើតសមាគមកីឡាសកលវិទ្យាល័យ និងលេចចេញជារូបរាងនៅពេលខាងមុខហើយ។ សកលវិទ្យាល័យទាំងអស់ និងមានឈ្មោះជាសមាជិកត្រូវមានភារកិច្ចដឹកនាំអត្តពលិកខ្លួនចូលរួមប្រកួតគ្រប់រដូវកាល។ ការធ្វើបែបនេះ និងធ្វើឲ្យកីឡា នៅក្នុងសកលវិទ្យាល័យរីកចម្រើន និងមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលខាងមុខ៕ម.ន