រយៈពេល ៦ខែដើមឆ្នាំ២០២៥នេះកម្ពុជាទទួលបានអ្នកទេសចរជនជាតិបារាំង ៧៥.០០០នាក់ កើនជិត ១៤ភាគរយ

(ភ្នំពេញ)៖ប្រទេសកម្ពុជា នៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបារាំង ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ កម្ពុជាបានទទួលភ្ញៀវទេសចរជនជាតិបារាំងបានចំនួនប្រមាណ៧៥.០០០នាក់ កើនជិត១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

បញ្ជាក់តាមរយៈទំព័រហ្វេសប៊ុក ក្នុងពេលបានអញ្ជើញពីស្ថានទូតបារាំងប្រចាំកម្ពុជាដើម្បីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសបារាំង នាល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា”តាមរយៈប្រវត្តិសាស្រ្តរួមគ្នាជាងមួយសតវត្សរវាងកម្ពុជា និងបារាំង និងទំនាក់ទំនងមិត្តភាពដ៏ល្អរហូតមក ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបារាំងចំនួនជិត ១សែននាក់នៅឆ្នាំ២០២៤ ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥នេះ បានចំនួនប្រមាណ ៧៥.០០០នាក់ កើនជិត ១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤”។

បើតាមការលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឱ្យដឹងដែរថាការទទួលបានទេសចរណ៍ពីប្រទេសបារាំងច្រើនដោយសារកម្ពុជា-បារាំងមានទំនាក់ទំនងល្អ និងជាមិត្តយូរលង់ណាស់មកហើយ។

ប្រទេស និងប្រជាជនបារាំង តែងតែប្រារព្ធបុណ្យជាតិរៀងរាល់ថ្ងៃទី១៤ ខែកក្កដា រៀងរាល់ឆ្នាំដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនក្នុងការដណ្តើមគុក Bastille ដែលជានិមត្តិរូបរបបរាជានិយមនាសម័យកាលនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ និងជាការរំលឹកពីការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជនបារាំង។

គួរបញ្ជាក់ថា បើតាមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងនាកន្លងមកនេះដែរថាបើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់ សង្គ្រាម និងវិបត្តិនៅមជ្ឈឹមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណាក្តី ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាគេឃើញថាមានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះបញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍របស់អាស៊ាន និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ។

ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានបង្ហាញរបាយការណ៍ស្ថិតិឆ្នាំ២០២៤ ថា អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១២៣លាននាក់ កើន ៣០.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរ អន្តរជាតិ ៦,៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាន ៣៦ម៉ឺននាក់ កើនឡើង ៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៤ ហើយភ្ញៀវទេសចជាតិមានប្រមាណ ១៤លាន ៥៧ម៉ឺននាក់ កើនឡើង ៥០ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។

សូមរំលឹកថាបើតាម ឯកឧត្តម ហួត ហាក់ក្នុងពិធីបើក“សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥”កន្លងមក បានដាក់ក្តីរំពឹងទុកថាក្នុងឆ្នាំ២០២៥នេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៧លាននាក់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner