រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យនិស្សិតដែលសិក្សានៅក្រៅប្រទេសខិតខំរៀនសូត្រ និងរៀបចំខ្លួនដើម្បីកម្ពុជា
(ភ្នំពេញ)៖«ក្រោមម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា រៀន និងបង្រៀនកាន់តែទទួលបានប្រសិទ្ធភាព និង និម្មាបនភាព» នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ក្នុងឱកាសទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន៥៥នាក់ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងែទី១៥ ខែកក្កដា ឆ្នាំ២០២៥រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការសិក្សាគឺជាការស្វែងរកទុនសម្រាប់ជីវិត ហើយបច្ចុប្បន្ននេះ ការសិក្សាប្រកបដោយគុណភាពគឺជារឿងចាំបាច់ ក្នុងយុគសម័យការប្រកួតប្រជែងសមត្ថភាព និងទីផ្សារសេរី។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកនូវប្រវត្តិតស៊ូក្នុងការចិញ្ចឹមជីវិត និងការសិក្សារៀនសូត្រផ្តើមចេញពីក្មេងកំព្រា ក្រោយសម័យប៉ុល ពត រហូតបានទៅបន្តការសិក្សារៀនសូត្រនៅប្រទេសកាណាដា។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងបរិស្ថានបានចែករំលែកបទពិសោធន៍ជីវិត ដល់ប្អូនៗនិស្សិតគួរពិចារណា
១-ខិតខំរៀនសូត្រ ធ្វើជាទុន
២-ការងារសមស្របនឹងសមត្ថភាព និងទេពកោសល្យ
៣-សុភមង្គលគ្រួសារ
៤-កិត្តិយស កេរ្តិ៍ឈ្មោះក្នុងសង្គម
៥-បន្សល់ទុកមរតកសម្រាប់ជំនាន់ក្រោយ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត និស្សិតអាហារូបករណ៍ទាំង ៥៥នាក់ក្នុងនោះ និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសហុងគ្រីចំនួន១៦នាក់ ប្រទេសជប៉ុនចំនួន២៣នាក់ ប្រទេសចិន១៣នាក់ និងប្រទេសអៀរឡង់៣នាក់។
ជាអនុសាសន៍ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវនឹងការអនុវត្តជាក់ស្ដែង ជាពិសេសការប្រកាន់ខ្ជាប់នូវសច្ចធម៌ ឆ្លាតវៃ ឯករាជ្យម្ចាស់ការ ទទួលខុសត្រូវ រក្សានិរន្តភាព និងអាកប្បកិរិយាទន់ភ្លន់ជាមួយមិត្តរួមថ្នាក់ សាស្រ្តាចារ្យ និងអ្នកផងទាំងពួង ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សាផង និងជាអត្តសញ្ញាណកូនខែ្មរ- តំណាងកម្ពុជា លើឆាកអន្តរជាតិផង៕
ដោយ ៖ ម៉ាដេប៉ូ







