ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម ឡៅ ចិត្រា ដាក់គោលដៅដណ្តើមមេដាយជូនកម្ពុជាម្តងទៀត នៅហ្វីលីពីន

អត្ថបទដោយ៖
Kien Sereyvuth

អ្នកប្រដាល់គុនខ្មែរវ័យក្មេង កំពុងមានឈ្មោះល្បីល្បាញនៅកម្ពុជា និងជាម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេម នៅម៉ាឡេស៊ី កីឡាករ ឡៅ ចិត្រា បានដាក់គោលដៅដណ្តើមមេដាយជូនកម្ពុជាម្តងទៀត នៅស៊ីហ្គេម លើកទី៣០ នាប្រទេសហ្វីលីពីន។

ថ្លែងប្រាប់អ្នកព័ត៍មាន នៅមជ្ឈមណ្ឌលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ អ្នកប្រដាល់វ័យក្មេង អះអាងថា នេះជាលើកទី៣ហើយ ដែលខ្លួនជាប់ជាជម្រើសជាតិ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រជែងដណ្តើមមេដាយ នៅប្រទេសហ្វីលីពីន នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ចិត្រា បន្តថា មុនជាប់ជាជម្រើសជាតិ រូបគេបានឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ជាតិ ដោយដណ្តើមបានមេដាយមាស ក្នុងចំណោមកីឡាករខ្លាំងៗ របស់កម្ពុជាជាច្រើនរូប។ កីឡាករវ័យ២០ឆ្នាំរូបនេះ បានបង្ហាញជំនឿចិត្តខ្ពស់ជាងមុន បន្ទាប់ពីធ្វើការហ្វឹកហាត់ត្រៀមយ៉ាងល្អ និងមានបទពិសោធន៍ច្រើនពីការប្រកួតកម្រិតអន្តរជាតិ ជាពិសេស នៅស៊ីហ្គេម ផ្ទាល់តែម្តង។

សូមបញ្ជាក់ថា កីឡាករ ឡៅ ចិត្រា គឺជាកីឡាករគុនខ្មែរលំដាប់កំពូលមួយរូប ដែលកំពុងមានឈ្មោះនៅកម្ពុជា ហើយធ្លាប់ផ្តួលកីឡាករបរទេស ជាច្រើននៅសង្វៀន ក្នុងស្រុក និងតាមបណ្តាស្ថានីយ៍ទូរទស្សន៍បច្ចុប្បន្ន។ បច្ចុប្បន្ន ម្ចាស់មេដាយសំរិទ្ធ ឡៅ ចិត្រា កំពុងហ្វឹកហាត់សម្រួចសមត្ថភាព ត្រៀមប្រជែងដណ្តើមមេដាយឱ្យកម្ពុជាម្តងទៀត ពីការប្រកួតកីឡា ស៊ីហ្គេម នៅប្រទេសហ្វីលីពីននាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner