កុមារកំព្រា និងចាស់ឥតទីពឹងនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការ​ឧបត្ថម្ភពីកាកបាទក្រហមកម្ពុជាជា​លើកទី២៥

ភ្នំពេញ៖ជាមួយនឹងអំណោយជាស្បៀងអាហារ សម្ភារៈ និងថវិកា, បុគ្គលិក កុមារកំព្រា ចាស់ឥតទីពឹងចំនួន៣២៨​នាក់ ដែលរស់នៅក្រោមដំបូលនៃអង្គការសង្គ្រោះ​ជនអស់​សង្ឃឹមបានទទួលទាន​អាហារសាមគ្គីដ៏មានឱជារស​មួយ​ពេល​ដែលរៀបចំឡើងដោយ​កាកបាទក្រហមកម្ពុជា។

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា​ធិការរងទី១ និងសហការីចុះមកសួរសុខទុក្ខ ដោយភ្ជាប់​មកជា​មួយនូវអំណោយ​សម្រាប់​ឧបត្ថម្ភដល់អង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាការផ្តល់ជូនជាលើកទី២៥ ។

ក្រោមស្នូរទះដៃ និងស្នាមញញឹមពព្រាយរបស់កុមារា កុមារី ប្រកបដោយសម្លៀក​បំពាក់​ស្អាត​​បាតស្វាគមន៍វត្តមាន​លោក​ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី១នៃកាកបាទក្រហមកម្ពុជា , លោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការ​សង្គ្រោះជន​អស់សង្ឃឹមបានជម្រាបលោកជំទាវអគ្គលេខាធិការរងទី១ថា ក្មេងៗដែលយើងគ្នាបាន​ឃើញពួកគេ​ស្លៀកពាក់​ស្អាតៗ រាំល្វតល្វន់ ញញឹមស្រស់នៅទីនេះ អតីតកាលរបស់​ពួកគេ គឺពិបាក និងកម្សត់។ កុមារខ្លះជាទារក​ទើបនឹងកើតត្រូវគេយកមក​បោះបង់​ចោល ,ខ្លះឪពុកសម្លាប់ម្ដាយទុកឱ្យកូននៅកំព្រា, ខ្លះទៀតម្ដាយ​ជួបបញ្ហា​ច្រើន​ កូននៅតូចគ្មានទីពឹង,ខ្លះទៀតគ្រួសារគ្មានលទ្ធភាពចិញ្ចឹម ,ខ្លះម្ដាយស្លាប់ចោល ,ខ្លះ​ម្ដាយឪពុកញៀន​គ្រឿងញៀន​យកកូនមកទុកចោលជាដើម ។

លោកស្រីបានបន្ថែមដោយពេញចិត្តថា “ខ្ញុំមានការសប្បាយចិត្ដ។ក្នុងនាមខ្លួនខ្ញុំផ្ទាល់​មិនមែនជាអ្នកដើមកំណើត​ជាខ្មែរមែនពិត តែបានមករស់នៅស្រុកខ្មែរ,ខ្ញុំមានអារម្មណ៍​ស្រស់ស្រាយ សុខសប្បាយ ពិសេសមានសេរីភាព​ពេញលេញក្នុងការរស់នៅ និងសុខ​ដុមនីយកម្មសាសនា ។ដោយមិនមានប្រកាន់ពូជសាសន៍ សាសនា”។

ជាមួយនឹងការលើកឡើងខាងលើ លោកស្រី បានថ្លែងអំណរគុណដល់សម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជាដែលតែងតែគិតគូរជាប់ជានិច្ច និង​ចាត់តំណាងនាំយកនូវស្បៀងឧបភោគ-បរិភោគ សម្ភារៈ និងថវិកាមួយចំនួន មកប្រគល់​ជូនដល់អង្គការដោយផ្ទាល់ជាបន្តបន្ទាប់ ដែលនេះគឺជាការជួយមួយដ៏​ធំធេង​​​មិនអាច​កាត់ថ្លៃបាន។

ក្នុងនាមកាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាម្លប់ដ៏ឧត្តុង្គឧត្តមជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវអគ្គលេខា​ធិការ​រងទី១ បានថ្លែងអំណរគុណនិងកោតសរសើរ ដល់បុគ្គលិក លោកគ្រូ​អ្នកគ្រូថែទាំកុមារ​ទាំងអស់ ដែលបានយកចិត្តទុកដាក់យ៉ាងល្អប្រសើរក្នុងការជួយចិញ្ចឹមបីបាច់ ថែទាំ​ដល់​កុមារ និងអ្នកនៅទីនេះ​ទាំង​អស់បានយ៉ាងល្អ។លោកជំទាវបន្ថែមថា ទាំងនេះ​បានឆ្លុះ​បញ្ចាំងឱ្យឃើញថាអង្គការបានចូលរួមសម្រាល​បន្ទុក​រាជរដ្ឋាភិបាល និងចូលរួម​កសាងអភិវឌ្ឍធនធានមនុស្សក្នុងសង្គមជាតិកម្ពុជា ។

ដោយកត់សម្គាល់ចំពោះបរិយាកាសកន្លែងរស់នៅរបស់កុមារា កុមារីទាំងនេះ លោក​ជំទាវបញ្ជាក់ថា កន្លែងស្នាក់មាន​បរិស្ថានស្អាត ខ្យល់អាកាសល្អ និងមាន​កន្លែងលេង​កីឡាផ្សេងៗទៀត។​ដូច្នេះអ្វីដែលក្មួយៗចៅៗទាំង​អស់ត្រូវ​យក​ចិត្តទុកដាក់ថែទាំ​សុខភាពខ្លូនឯងឱ្យបានល្អនោះគឺត្រូវមានអនាម័យជានិច្ចក្នុងការរស់នៅដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ។ ចំណែកការបរិភោគប្រចាំថ្ងៃគឺកុំផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ពោលគឺ “ស្រឡាញ់ខ្លួន ស្ងួនចំណី” ដើម្បី​ជៀសផុតពីជំងឺមិនឆ្លងនានា។ត្រូវរស់នៅ​ប្រកបដោយសីលធម៌ គុណធម៌ និងត្រូវខិតខំរៀនសូត្រ ដើម្បីធ្វើជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ។ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីជាធនធានដ៏ល្អសម្រាប់ជាតិ ដែលមាន​ទាំងចំណេះដឹង និង​សុខភាពល្អ ។

គប្បីជម្រាបជូនថា កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនអង្គការ​សង្គ្រោះជន​អស់សង្ឃឹម ចាប់តាំងពី​ឆ្នាំ២០១៣​រហូតមក។ពេលនេះគឺជាលើកទី២៥ហើយ។អំណោយដែលផ្តល់រួមមាន៖ អង្ករ ៣តោន,មី ២០កេស , ត្រីខ ៥កេសធំ,ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី១០យួរ, ប្រេងឆា ២កេស, ស្ករស២៥គីឡូក្រាម,ទឹកក្រូច២០កេស, ទឹកបរិសុទ្ធ ២០កេស,សាប៊ូកក់សក់(ក្លិន)៧កេស, ឃីត(សារុង មុង ភួយ ក្រមា)​ចំនួន៥០ឃីត និងថវិកា២០​លានរៀល ព្រមទាំងអាហារមួយពេលយ៉ាង​ឆ្ងាញ់ពិសា​ទៀតផង៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner