សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហាញអំពីបំណងរួមចំណែក និងវិភាគទាននៅកម្ពុជា ពិសេស លើកិច្ចការយុទ្ធជន
(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហាញអំពីបំណងរួមចំណែក និងវិភាគទាននៅកម្ពុជា ពិសេស លើកិច្ចការយុទ្ធជន តាមសំណើរបស់សម្ដេចតេជោ ។ លោកសាស្រ្តាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group បង្ហាញបណងដូច្នេះ ក្នុងឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានជួបឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានសន្យាថានឹងមកកម្ពុជា នៅក្នុងជំនួបនៅទីក្រុងហ្សាការតា កាលពីខែឧសភាកន្លងទៅ។
លោកសាស្រ្តាចារ្យបណ្ឌិត បានគោរពថ្លែងអំណរគុណ ដឹងគុណ និងជាកិត្តិយស ដែលសម្តេចតេជោ បានផ្តល់ការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម។ លោកសាស្រ្តាចារ្យបណ្ឌិត បានបន្តលើកឡើងថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជា រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ។
លោកសាស្រ្តាចារ្យបណ្ឌិត បានជម្រាបជូនសម្តេចអំពីគោលបំណង និងសកម្មភាពការងារនានារបស់ឯកឧត្តម រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរឡើង ដូចឯកឧត្តមបានធ្វើ នៅឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួន។ លោកបានគូសបញ្ជាក់ថា កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់។ នៅក្នុងបរិបទនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍ និងមគ្គុទេសក៍ដឹកនាំ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ទទួលយកការតែងតាំងជាទីប្រឹក្សារបស់សម្តេច និងទន្ទឹមគ្នានេះ បានចង្អុលបង្ហាញអំពីវិស័យដែលឯកឧត្តមអាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម ហើយដែលកិច្ចការទាំងនេះ គឺមានលក្ខណៈ និងសកម្មភាពស្របទៅនឹងទិសដៅដែលលោកសាស្រ្តាចារ្យបណ្ឌិត បាននិងកំពុងរួមចំណែក ។
ផ្សាភ្ជាប់គ្នានេះ សម្តេចតេជោ បានលើកឡើងអំពីប្រវត្តិ និងការតស៊ូដ៏ជូរចត់របស់សម្តេចក្នុងនាមជាទាហាន ដែលបានជំរុញសម្តេច ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ។ សម្តេច បានគូសបញ្ជាក់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ ហើយបោះបង់ចោលនោះទេ។ នៅក្នុងន័យនេះ សម្តេចបានស្នើលោកសាស្រ្តាចារ្យបណ្ឌិត ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។
ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកទស្សនៈវិស័យរបស់សម្តេច បន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលនោះគឺ (១) ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និង (២) ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ ប៉ុន្តែ សម្តេច បានសម្តែងនូវការសោកស្តាយចំពោះបញ្ហាដែលកើតឡើងជាមួយប្រទេសជិតខាង ដែលវាពុំគួរកើតឡើង ដោយសារការធ្វើសកម្មភាពឯកតោភាគីរបស់ប្រទេសនោះ តាំងពីការប្រើប្រាស់ផែនទី និងការបិទច្រកព្រំដែន។ សម្តេចបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម និងកីឡា ជាដើម ប្រសើរជាងការផ្លាស់ប្តូរគ្រាប់កាំភ្លើងគ្នា ហើយការប្រកាន់យកគោលជំហររបស់កម្ពុជា ដូចជាការប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី ។
លោកសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្តរួមចំណែកបន្ថែមទៀតរបស់លោក ទៅលើកិច្ចការយុទ្ធជននេះ និងសង្ឃឹមថា នឹងត្រឡប់មកកម្ពុជានៅពេលខាងមុខ ។ សម្តេចតេជោ ក៏បានជូនពរលោក Dato Sri Prof. Dr. Tahir ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ៕








អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ