Callum Hudson-Odoi ចង់បានអាវលេខ១០ ប្រសិនបើ Hazard ចាកចេញ
ក្លិបតោខៀវ Chelsea កំពុងទាក់ទាញចិត្តខ្សែប្រយុទ្ធវ័យក្មេង Callum Hudson-Odoiដើម្បីឲ្យបន្តស្នាក់នៅ ជៀសវាងការផ្ទេរទៅកាន់ក្លិបដទៃដែលកំពុងទាក់ទងចង់បាន ដូចជា Bayern Munich ឬ FC Barcelona ជាដើម។
កីឡាករវ័យក្មេងខាងលើបានស្នើទៅកាន់ក្លិប ដោយចង់បានលេខអាវរបស់រៀមច្បង Eden Hazard ដើម្បីជាថ្នូរសម្រាប់បន្តស្នាក់នៅ ប្រសិនបើ Hazard ពិតជាចាកចេញទៅកាន់ Real Madrid មែននោះ។
សូមបញ្ជាក់ថា កីឡាករជម្រើសជាតិបែលហ្ស៊ិក Eden Hazard កំពុងស្ថិតនៅភាពមិនទាន់ប្រាកដប្រជាថាអាចស្នាក់នៅទឹកដី Stamford Bridge ទៀតឡើយនារដូវកាលក្រោយនេះ ខណៈសារព័ត៌មានជាច្រើនចុះផ្សាយថា កីឡាកររូបនេះ នឹងទៅចូលរួមជាមួយក្រុមរបស់លោក Zinedine Zidane នារដូវកាលថ្មីខាងមុខ។
ចំណែក Callum Hudson-Odoi ដែលនៅសល់កិច្ចសន្យាតែ១រដូវកាលទៀតដូចគ្នា ដែលបច្ចុប្បន្នកំពុងរបួស បានដាក់ស្នើទៅកាន់ក្លិប ដោយមានចេតនាចង់ពាក់អាវលេខ១០ ដែល Eden Hazard កាន់កាប់៧ឆ្នាំមកហើយនោះ ប្រសិនបើលេខអាវនេះ ពិតជាទំនេរប្រាកដមែន៕ធ.ដ