សម្តេចតេជោ៖ មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គម នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?
សម្តេចតេជោបានបន្តថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឱ្យលោកបាត់ការចងចាំបែបនេះ?
សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។
កាលពីមុន ក៏ដូចជាថ្ងៃនេះ លោកតែងប្រាប់ជនជាតិថៃថា កុំឱ្យស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?
សម្តេចតេជោបន្តទៀតថា ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរសព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អ៊ីន កន្លងមក។ ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឱ្យបានយូរបន្តិច៕
ដោយ៖ពលជ័យ

