សេតវិមានបញ្ជាក់ថា លោក ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅក្នុងខែមិថុនា ខាងមុខ
សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកនៅក្នុងថ្ងៃពុធ សប្តាហ៍នេះ បានលើកឡើងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នាខែមិថុនាខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងសេអូល ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដែលនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក ឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅចុងខែមិថុនា ខាងមុខនេះ។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក ត្រាំ និងលោក មូន គ្រោងធ្វើកិច្ចពិភាក្សាគ្នាស្តីពីមធ្យោបាយដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងមិត្តភាពរវាងអាម៉េរិក-កូរ៉េខាងត្បូង ជាពិសេសមេដឹកនាំទាំងពីរក៏កំពុងបន្តធ្វើការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរបស់ពួកលោក ក្នុងការខិតខំប្រឹងប្រែងឈានឱ្យដល់គោលដៅសម្រេចចុងក្រោយ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅលើតំបន់ឧបទ្វីបកូរ៉េ៕ធ.ដ