សហរដ្ឋអាម៉េរិកចេញបញ្ជាឱ្យផ្អាករាល់ជើងហោះហើរទាំងទៅ និងមក ជាមួយវេណេស៊ុយអេឡា
សហរដ្ឋអាម៉េរិក៖ ក្រសួងដឹកជញ្ជូនសហរដ្ឋអាម៉េរិក នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានសម្រេចដាក់ចេញនូវបទបញ្ជាឱ្យផ្អាករាល់ជើងហោះហើរទាំងអស់ រវាងអាម៉េរិក និងវេណេស៊ុយអេឡា ដោយសារបារម្ភពីបញ្ហាសន្តិសុខ និងសុវត្ថិភាពនៅក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ។
សូមរំលឹកថា កាលពីដើមខែឧសភានេះ រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាម៉េរិក (FAA) ក៏បានប្រកាសផងដែរ ពីការហាមឃាត់យន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកទាំងអស់ ធ្វើការហោះហើរនៅរយៈកម្ពស់ក្រោម៨គីឡូម៉ែត្រពីលើដែនអាកាសប្រទេសវេណេស៊ុយអេឡា ដោយសារបញ្ហាសុវត្ថិភាព។ យ៉ាងណាមិញការប្រកាសពីការផ្អាករាល់ជើងហោះហើរសាជាថ្មីទៀតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការអនុម័តពីក្រសួងការបរទេសអាម៉េរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសន្តិសុខមាតុភូមិ។
ដូច្នេះចាប់ពីពេលនេះតទៅ ជើងហោះហើរទាំងទៅ និងមកប្រទេសវេណេស៊ុយអេឡា ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕ធ.ដ