សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមានព្រឹទ្ធសភា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការ គួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួបសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តី​រីក​រាយដែលបានជួបលោកជំទាវ ជាថ្មីម្តងទៀត បន្ទាប់ពី​ជំនួប​នាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីម័រឡេស្តេ កាលពីខែឧសភាកន្លងទៅ ។ជាមួយគ្នានេះសម្ដេច ក៏រីករាយ​ដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញ​សិទ្ធិនៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេច​បាន​នូវគោលដៅខ្លួន។

ចំណែកលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានជម្រាប​សម្តេចតេជោ ហ៊ុន សែន នេះជាលើកទី១ហើយ ដែលលោក​ជំទាវបានមកកម្ពុជានិងបានឃើញយល់ដឹងអំពីកម្ពុជា និងទន្ទឹមគ្នានេះ ផ្លាស់ប្តូរទស្សនៈគ្នានៅក្នុងឱកាសនៃកិច្ចប្រជុំ និងជំនួបនានាជាមួយភាគីកម្ពុជា។ ដោយស្ថានភាពកម្ពុជា និងទីម័រឡេស្តេ មានភាពស្រដៀងគ្នានោះ លោកជំទាវនឹង​ពាំនាំ​បទបពិសោធន៍មេរៀនទាំងនោះទៅទីម័រឡេស្តេ។លោកជំទាវសង្ឃឹមថា ក្នុងនាមបងប្អូនអាស៊ាន កម្ពុជានឹងបន្តរួម​ដំណើរ​ជាមួយគ្នា ហើយជឿជាក់ថា នៅក្នុងដំណើរនេះ ទីម័រឡេស្តេអាចប្រែក្លាយការប្រឈមនានាទៅជាកាលានុវត្តភាព។

បញ្ជាក់ជូនភ្ញៀវសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវភាព​ជឿជាក់ចំពោះទីម័រឡេស្តេ​ជាសមាជិកពេញសិទ្ធិ​របស់​អាស៊ាន។ទន្ទឹមនេះសម្តេចបានបង្ហាញពីស្ថានភាពខុសគ្នារវាងកម្ពុជា និងទីម័រឡេស្តេ ទាំងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម នៅពេលដែល​ប្រទេសទាំងពីរចូលជាសមាជិកអាស៊ានដំបូង។

ជាមួយនឹងភាពអំណត់ទន្ទឹងរង់ចាំតាំងពីឆ្នាំ២០១១ សម្តេចតេជោ​បានលើកបន្ថែមថា ទីម័រឡេស្តេក៏បានបោះជំហាន​អភិវឌ្ឍន៍ខ្លួន​ទៅ​លើផ្នែកផ្សេងៗ រួមទាំងធនធានមនុស្ស។ សម្តេចបានគូសបញ្ជាក់ឡើងវិញថា ការបញ្ចូលសមាជិក​អាស៊ានថ្មី មិនមែនជាបន្ទុករបស់សមាជិកចាស់នោះទេ តែជា​ការរួមចំណែក ហើយវាជាការចាំបាច់ដែលយើងត្រូវកា​រ​រួបរួម​ក្នុងតំបន់ និងធ្វើឱ្យតំបន់មានការរីកលូតលាស់។

នៅក្នុងក្របខ័ណ្ឌទ្វេភាគី សម្តេចតេជោ បានចង្អុលបង្ហាញអំពី​សក្តានុពលនៃសន្តិសុខស្បៀងរបស់កម្ពុជា ខណៈដែល​ទីម័រឡេស្តេមានសក្តានុពលសន្តិសុខថាមពល ដែលជាកត្តា​បំពេញឱ្យគ្នាទៅវិញទៅមក។ នៅក្នុងបរិបទនេះ សម្តេច​សង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នាបង្កើតភាព​ជា​ដៃគូ ដើរជាមួយគ្នាក្នុងនាមជាប្រទេស​អភិវឌ្ឍ​តិចតួច និងបន្ត​ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ឆ្លៀតនៅក្នុងឱកាសនៃជំនួបនេះ សម្តេចតេជោ បានចែក​រំលែកអំពីមូលដ្ឋាន និងទស្សនៈវិស័យនៃការសម្រេចចិត្ត​របស់សម្តេច ក្នុងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំជំនាន់ថ្មី ដែលនោះគឺដើម្បីសន្តិភាព ស្ថិរភាពយូរអង្វែង ការអភិវឌ្ឍ និងជៀសវាងនូវការច្រំដែលនៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលតែងតែមានជម្លោះនៅពេលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner