សម្ដេចតេជោសួរទៅនាយករដ្ឋមន្រ្តីស្តីទីថៃ ថា បើសម្ដេចអត់​តម្លៃហេតុអ្វីលោក​ត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែល​កំពុង​ព្យួរតំណែងមកចាំទូរសព្ទជួបសម្ដេច?

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បានលើកឡើងលើបណ្ដាញ​សង្គមហ្វេសប៊ុក​នា​ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា “មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី( ភូមិថាំ វៈឆៈយៈឆៃ )និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែលបានវាយប្រហារចំពោះខ្ញុំ”។

ខ្លឹមសារនៃសំណេរបានបន្តយ៉ាងដូច្នេះថា ” ខ្ញុំក៏ចង់បញ្ជាក់​បែបទះ​កំផ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មាន​តម្លៃ​សម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីត​នាយក​រដ្ឋមន្ត្រីដែលកំពុងព្យួរតំណែង​មកចាំទូរសព្ទជួប​ខ្ញុំ​នៅរសៀល​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ដោយមិនមានការណាត់ជាមុន?”។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវ​សុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុង​ការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឱ្យលោកបាត់​ការចងចាំបែបនេះ?

សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃ​ក្រហម(កុម្មុយនីស្តថៃ)មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់​នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវ​ធ្វើ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយ​ប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។

កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឱ្យ​ស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញ​សង្គម​ដែលខ្ញុំបង្ហោះសារចេញមែនទេ?

ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមាន​ការ​ចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋ​មន្ត្រីស្តីទី​របស់ថៃសព្វថ្ងៃនេះមានចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរសព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥​ ជាមួយលោកស្រី អ៊ុង អ៊ីន កន្លងមក។

សំណេរបានបញ្ចប់ដោយពាក្យពេចន៍បែបចំអកថា”ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឱ្យបានយូរបន្តិច”៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner