ឧត្តមសេនីយ៍ត្រី នៃ និយម ៖ គិតត្រឹមឆ្នាំ២០២៥ អដ្ឋិធាតុយុទ្ធជនកងទ័ពពលី ស្ម័គ្រចិត្តនិងជំនាញការវៀតណាមក្នុងភូមិសាស្រ្តខេត្តកណ្តលរកឃើញបានចំនួន ១,២៨៥អដ្ឋិធាតុ
(ខេត្តកណ្តាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងថា កិច្ចសហការ រុករក ជីកលើក អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយគិតពីឆ្នាំ២០០២ដល់ឆ្នាំ២០២៤ (ជំហានទី១ ដល់ជំហានទី២៣) សម្រេចបានលទ្ធផលសរុបចំនួន ១,២៦៦ អដ្ឋិធាតុនិងបានធ្វើពិធីប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេស វិញរួចរាល់។ ដោយឡែកក្នុងជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ទទួលបានលទ្ធផល ចំនួន ១៩ អដ្ឋិធាតុ ដូច្នេះលើកិច្ចសហការរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន ពលីកងទ័ពស្ម័គ្រ និងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល បានចំនួន ១,២៨៥អដ្ឋិធាតុ។
ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីចុះហត្ថលេខាប្រគល់ ទទួល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានរុករកឃើញ ជីកលើកបាននៅក្នុងភូមិសាស្ត្រខេត្ត ក្នុងជំហានទី២៤ រដូវប្រាំងឆ្នាំ២០២៤-២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្នុងភូមិសាស្រ្តខេត្តកណ្តាល។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម មុំ សុភាព មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ចការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និង ឯកឧត្តម តាំង ម៉េងលាន អភិបាលរង តំណាង ឯកឧត្តម គូច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈប្រតិភូភាគីមិត្ត និងក្រុមលេខាធិការដ្ឋានជាច្រើនរូប។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសហការរុករកជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ទទួលបានលទ្ធផលនាពេលនេះ ។
ក្នុងនាម ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និងសង្ឃឹមយ៉ាងមុតមាំ ចំពោះក្រុមការងារនៅតែបន្តសហការយ៉ាងជិតស្និត ការអនុវត្តភារកិច្ចស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីនៅក្នុងសម័យសង្រ្គាម នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងនាម ជា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញខេត្តកណ្តាល និងក្រុម K៩០ យោធភូមិភាគ៩ នៃកង ទ័ពប្រជាជនវៀតណាម នៅតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែង សហការយ៉ាងជិតស្និទ្ធក្នុង ភារកិច្ច រុករក ជីកលើក អដ្ឋិធាតុកងទ័ព និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅភូមិ សាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យបន្ថែមទៀត៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា








