អ៊ីរ៉ង់អះអាងថាប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងការគំរាមកំហែងខាងយោធា

អ៊ីរ៉ង់៖ សាធារណរដ្ឋអ៊ិស្លាម បានប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងខាងយោធាណាមួយប្រឆាំងជាមួយប្រទេសខ្លួន នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ លោក អាមី ហាតាមី នៅក្នុងថ្ងៃពុធ សប្តាហ៍នេះ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោក ហាតាមី បញ្ជាក់ថា ថ្ងៃនេះ សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ឈរនៅចំណុចកំពូល នៃការត្រៀមខ្លួនការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយ ឬអំពើហិង្សាណាមួយ បើទោះបីជាស្ថិតនៅក្រោមទណ្ឌកម្មក្តី។ ប្រភពដដែលបន្តថា លោក ហាតាមី បានបន្ថែមទៀតថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានបរាជ័យ ក្នុងការរារាំងការបង្កើនកម្លាំងរបស់ទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា ការកត់សម្គាល់ដូច្នេះរបស់ប្រមុខការពារជាតិអ៊ីរ៉ង់រូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតុលា អាលី ខាមិនណេ នៅក្នុងថ្ងៃអង្គារ៍នេះ បានអះអាងថា សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក នឹងមិនផ្ទុះឡើងនោះទេ បើទោះបីជាមានភាពតានតឹងខ្លាំង ដែលអាចនឹងឈានដល់ការប៉ះទង្គិចគ្នាដោយកម្លាំងយោធារវាងប្រទេសទំាងពីរក៏ដោយនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner