ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

(ភ្នំពេញ)៖ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដោយមានការអញ្ជើញចូលរួមពី លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងនិងCADT ព្រមទាំងសហការីនៃ EuroCham នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាង CADT និង EuroCham សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ការបញ្ជ្រាបការយល់ដឹង និង ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដើម្បីបំពេញតម្រូវការក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើន។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Gabriele បានពិភាក្សានិងផ្លាស់ប្តូរយោបល់នៃការវិវត្តក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សឌីជីថល ជាពិសេសផ្តោតលើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh កម្មវិធី DG SuperApp និងគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល (Digital Park)។

ឯកឧត្តមរដ្ឋមន្រ្តី និងលោក Gabriele ក៏ដូចជា CADT និង EuroCham បានគូសបញ្ជាក់អំពីការគាំទ្រគ្នាទៅវិញទៅមកក្នុងគោលដៅចូលរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សឌីជីថល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner