កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និង វិបុលភាពរួម
(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមអ្នកនយោបាយ អាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម ។
ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និង ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា ប្រតិភូជាភ្ញៀវរបស់ម្ចាស់ផ្ទះ និងវត្តមានសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា ជិត ៣០០នាក់ ។
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការរួមចំណែកដល់ភាពជោគជ័យ នៃកិច្ចប្រជុំ AIPA Caucus លើកទី១៦ នៅពេលនេះ។ ឯកឧត្ដមបានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រតិភូទាំងអស់ក្នុងការពិភាក្សា ការផ្លាស់ប្តូរទស្សនៈ និងការចែករំលែកបទពិសោធន៍ក្នុងរយៈពេលពីរថ្ងៃកន្លងមក ។
ឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភាបានបង្ហាញនូវការជឿជាក់លើតួនាទីដ៏សំខាន់កាន់តែខ្លាំងឡើងរបស់តំណាងរាស្រ្ត និងស្ថាប័នសភាក្នុងការរៀបចំកិច្ចសន្ទនាពីសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីជំរុញចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ។
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា បានអបអរសាទរចំពោះការយល់ព្រមនូវគំនិតផ្តួចផ្តើមថ្មីគឺ វេទិកាអ្នកដឹកនាំសភា AIPA និងវិទ្យាស្ថានអន្តរជាតិសម្រាប់សន្តិភាព និងយុត្តិធម៌ (IIPJ) ដែលថាយើងមានទិសដៅកាន់តែច្បាស់ក្នុងការពង្រឹងផ្នែកការទូតសភាដូចដែលឆ្លុះបញ្ចាំងដោយប្រធានបទនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» ។
ឯកឧត្ដមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក៏បានកត់សម្គាល់ផងដែរថា ដំណោះស្រាយជាច្រើនដែលបានអនុម័តដោយ AIPA ត្រូវបានអនុវត្ត និងប្រែក្លាយទៅជាលទ្ធផលជាក់ស្តែង។ នេះបង្ហាញថាសមាជិកសភារបស់យើងមានតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ព្រមទាំងមានការប្តេជ្ញាចិត្តច្បាស់លាស់ ។
ឯកឧត្ដមបណ្ឌិត បន្ថែមថា យើងត្រូវធ្វើការបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងបង្ហាញថា AIPA គឺជាវេទិកាដែលផ្តោតលើសកម្មភាព។ យើងត្រូវរំលឹកខ្លួនយើង នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ តាមរយៈការអនុវត្តនូវសេចក្ដីសម្រេចដែលបានអនុម័តដោយឈរលើស្មារតី និងឯកភាពរបស់ AIPA ដើម្បីសន្តិភាព និងវិបុលភាពរួម ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ



