អគ្គលេខាធិការ អន្តរសភាអាស៊ាន (អាយប៉ា/AIPA) បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់រដ្ឋសភាកម្ពុជា

(ភ្នំពេញ)៖ អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា ទាំងនៅក្នុងក្របខណ្ឌអាយប៉ា ក៏ដូចជាវេទិកាអន្តរសភានានា។ នៅក្នុងនោះ គំនិតផ្តួចផ្តើមថ្មីៗរបស់សភាកម្ពុជា ដូចជា AIPA Digital Law Library ធម្មនុញ្ញសន្តិភាពសកល និងការបើកឱ្យមានកិច្ចប្រជុំ ការកសាងភាពជាដៃគូរបស់អាយប៉ា (AIPA Partnership Building) ក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយលើកទី១៦ នៅភ្នំពេញនេះ បានចូលរួមដល់ការលើកកម្ពស់តួនាទីអាយប៉ាឱ្យកាន់តែខ្លាំងឡើង នៅក្នុងការពង្រឹងលើកកម្ពស់វប្បធម៌សន្ទនា ការរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួមទាំងនៅក្នុងតំបន់និងសលលោក ។

លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានលើកឡើងដូច្នេះ ខណៈចូលជួបសម្តែងការគួរសម សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមករួមសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានរដ្ឋសភា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥នេះ។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍ជាថ្មីម្តងទៀតចំពោះវត្តមាន លោកជំទាវ អាស៊ីធី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាប់ឌុលរ៉ាម៉ាន អគ្គលេខាធិការអាយប៉ា និងសហការី ដែលបានឆ្លៀតពេលដ៏មមាញឹកពីការចូលរួម និងជួយសហការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អាយប៉ាលើកទី១៦ ហើយបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាពេលនេះ។

សម្តេចប្រធានរដ្ឋសភាបានអរគុណ អគ្គលេខាធិការដ្ឋានអាយប៉ា ដែលបានគាំទ្រធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ហ៊ុន សែន។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពសកល មិនមែនជាច្បាប់ចាប់បង្ខំនោះឡើយ ប៉ុន្តែជាផ្នែកមួយចូលរួមចំណែកដល់ការកសាងនិងការពារសុខសន្តិភាព ដោយស្ម័គ្រចិត្ត។ សន្តិភាពមានតម្លៃណាស់សម្រាប់មនុស្សជាតិ ដូច្នេះគេត្រូវការពារសុខសន្តិភាព នៅពេលប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្រ្គាមហើយនោះ អ្វីៗទាំងអស់និងបាត់បង់។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះមិនចង់ឃើញមិត្តភ័ក្ត្រណាមួយរបស់ខ្លួន ជួបនឹងទុក្ខ ដូចខ្លួនកាលពីអតីតកាលនោះឡើយ ។

ធម្មនុញ្ញសន្តិភាពសកល បានប្រសូតឡើងក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព IPTP កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។ ធម្មនុញសន្តិភាពសកល ត្រូវបានវាយតម្លៃជាសកលថា មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner