សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម

អត្ថបទដោយ៖
លី ពៅ

(ខេត្តកំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គទេសឯក នៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ពេញលេញ និងបានគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាងដល់អុំ ពូ មីង ជាវីរៈអតីតយុទ្ធជនទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការដោះស្រាយ ជីវភាពលំបាកខ្វះខាតផ្សេងៗ ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងដូចនេះ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា លើកទី១៨ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ សូមចុះ ពិនិត្យឱ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពអតីតយុទ្ធជន សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាល បានតម្លើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ បូករួមទាំងការយកចិត្តទុកផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបាច់បង់ប្រាក់ផងដែរ ៕

លី ពៅ

ads banner