សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើប្រទេសបារាំង ផ្តល់បន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅបារាំងកាន់តែច្រើន និងសូមឱ្យបន្តជួយគាំទ្រដល់ការអភិវឌ្ឍស្ថាប័នសភាកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើ ប្រទេសបារាំង ផ្តល់បន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅបារាំងកាន់តែច្រើនឡើង និងសូមឱ្យភាគីបន្តជួយគាំទ្រដល់ការអភិវឌ្ឍស្ថាប័នសភាកម្ពុជា ទៅជាសភាឌីជីថល និងជួយគាំទ្រដល់កសាងធនធានមនុស្ស នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ បច្ចុប្បន្ននេះសភាបារាំង ក៏បានផ្តល់ឱកាសជូនថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅបណ្តុះបណ្តាលវគ្គខ្លីៗ នៅប្រទេសបារាំងផងដែរ ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឈរលើចំណងមិត្តភាពជាប្រវត្តិសាស្រ្ត ស្មោះត្រង់ បើកចំហ សម្តេចមានសុទិដ្ឋិនិយមថា ប្រទេសទាំងពីរនឹងពង្រីកសក្តានុពល ដែលមានដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទាំងសងខាងបន្តទៀត ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា ស្នើឡើងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៥ ខណៈអនុញ្ញាតជូន ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិការទូត ចូលជួបសម្តែងការគួរ និងជម្រាបលាមុនពេល ចាកចេញពីកម្ពុជា ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងលទ្ធផលគួរជាទីមោទនៈ ដែលឯកឧត្តមសម្រេចបាន ។

សមិទ្ធផលទាំងនេះបានរួមវិភាគទានដ៏មានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ ជាពិសេស ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងទេពកោសល្យដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភាដែលជាស្រ្តីដំបូងនៅកម្ពុជា បានកាន់តួនាទីជាប្រធានរដ្ឋសភា ។ ប្រធានរដ្ឋសភាជាស្រ្តីនៅក្នុងសកលលោកក៏មិនមានច្រើននោះដែរ ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី អន្តរជាតិ នៅសាធារណរដ្ឋបារាំងកាលពីចុងឆ្នាំ២០២៤ ប្រកបដោយអត្ថន័យ បានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ពិសេសការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសកលលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៦ ខាងមុខនេះ ក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា។ ប្រទេសបារាំងនឹងបន្តគាំទ្រកម្ពុជា លើវិស័យសុខាភិបាល សង្គមកិច្ច ទឹកស្អាត អប់រំ ការបណ្តុះបណ្តាល វប្បធម៌ ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលនិស្សិតបារាំង ពេញចិត្តមកបម្រើការងារស្ម័គ្រចិត្ត។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ចូលរួមសន្និសីទអន្តរជាតិស្តីពីសន្តិភាព នៅប្រទេសបារាំងនាចុងឆ្នាំ២០២៥នេះ ផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner